ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានអនុញ្ញាតិ្តឱ្យគណៈប្រតិភូសហគមន៍អឺរ៉ុប ដឹកនាំដោយលោក Fabrizio SENESI ចូលជួបពិភាក្សាការងារ។
កិច្ចពិភ្សានេះ មានក៏ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា នៃគណៈកម្មការជំនាញនានាអញ្ជើញចូលរួម។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថាគោលបំណង នៃកិច្ចប្រជុំពិភ្សានាពេលនេះ គឺផ្ដោតលើរបៀបវារៈចំនួន២គឺ ទី១-សមិទ្ធផល និងបញ្ហាប្រឈមការងារលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទី២-ការផ្លាស់ប្ដូរទស្សនៈលើតួនាទី និងការរួមចំណែករបស់សហគមន៍អឺរ៉ុប លើកការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តម ឈាង វុន មានប្រសាសន៍បន្ថែមថា ស្ថិតក្នុងម្លប់សុខសន្តិភាពឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយរឹងមាំ ការប្រកាន់ភ្ជាប់នូវគោលនយោបាយសិទ្ធប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធានាជាប្រចាំនូវប្រក្រតីភាព នៃដំណើរការទៅមុខ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ស្របតាមកម្មវិធី និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាល បានបន្តជំរុញការកែ ទម្រង់ស្ថាប័នឱ្យមានចរន្តថ្មីមុតស្រួច និងកាន់តែស៊ីជម្រៅលើគ្រប់ផ្នែក និងគ្រប់វិស័យព្រមទាំងបានផ្តល់អាទិភាពនិងចាត់ទុកភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណប្រកបដោយប្រសិទ្ធិភាពគឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសធានានូវកំណើនសេដ្ឋកិច្ច និងការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ដោយឡែកយុទ្ធសាស្រ្តអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការនៅព្រះរាណាចក្រកម្ពុជាចាប់ពីឆ្នាំ២០២១-២០២៧ដោយមានការចូលរួមពីប្រទេសប៊ែលហ្សិក សាធារណៈរដ្ឋឆែក សភាពអឺរ៉ុប ធានាគារវិនិយោគអឺរ៉ុប ប្រទេសបារាំង ( ទីភ្នាក់ងារបារាំង AFD ) ប្រទេសអាល្លឺម៉ង់ (រួមទាំងសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងធានាគារអភិវឌ្ឍអាល្លឺម៉ង់AFW) ប្រទេសហុងគ្រី សាធារណរដ្ឋអៀរឡង់ ប្រទេសស៊ុយអែត និងប្រទេសស្វីស ដើម្បីលើកកម្ពស់សង្គតិភាពនៃគោលនយោបាយអឺរ៉ុប និងភាពជាដៃគូរជាមួយប្រទេសកម្ពុជា។
ឯកឧត្តម បានបន្តថា កិច្ចសហប្រតិបត្តិការអឺរ៉ុប នៅកម្ពុជាគឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងអាទិភាពទី១ ពង្រឹងគណនេយ្យភាព ប្រជាធិបតេយ្យ សុចរិតភាព និងប្រសិទ្ធភាព នៃប្រព័ន្ធ និងសេវាស្ថាប័នសាធារណៈ របស់កម្ពុជានៅគ្រប់លំដាប់ថ្នាក់ដោយផ្តោតលើកម្មវិធីកែទម្រង់និងអភិបាលកិច្ចសំខាន់ៗរួមទាំងប្រឆាំងអំពើពុករលួយ៕