(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយ លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក វ៉ុនណា ម៉ោងល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងលោក កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។
កិច្ចប្រជុំបានធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖
* ១៖ សារៈសំខាន់នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត
* ២៖ ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា
*៣៖ ការតាមដានលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ ជាពិសេសភាពចាំបាច់ក្នុងការបង្ហាញប្រទេសសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិនូវវឌ្ឍនភាពដែលសកម្ម និងជាក់ស្តែងបន្ថែមទៀត នៅក្នុងការអនុវត្តក្របខ័ណ្ឌ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះ
* ៤៖ វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ ផងដែរ។
មុនជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ាផងដែរ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា។
សូមជម្រាបថា លោក ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសអាស៊ាន បាន និងកំពុងបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ៥ថ្ងៃ៕