ទូកកានូ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានទទួលការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងអាស៊ីក្នុងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃសហព័ន្ធអាស៊ីបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា និងចុះពិនិត្យផ្ទាល់នៅទីលានប្រកួតស្ថិតនៅដងព្រែកំពត ខេត្តកំពត កាលពីដើមសប្ដាហ៍កន្លងទៅ។
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមិថុនាម្សិលមិញ មន្ដ្រីជាន់ខ្ពស់នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងអាស៊ីបានបន្ដជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ហើយនៅរសៀលដដែលក៏មានការអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារបន្ថែមពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដែលសម្រេចបានផ្លែផ្កាជាវិជ្ជមានទៀតផង។ លោក ស្រ៊ុន លាង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ច និងជំនួបពិភាក្សានេះ សហព័ន្ធបានទទួលការជំរុញលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រពីសហព័ន្ធអាស៊ីទាំងសម្ភារៈ និងការរៀបចំទីលានប្រកួតជាដើម។ មិនតែប៉ុណ្ណោះ ប្រធានសហព័ន្ធអាស៊ី និងមន្ដ្រីជំនាញ និងជាថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងអាស៊ានក៏បានបើកភ្លើងខៀវសម្រាប់កម្ពុជា ក្នុងការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់រយៈពេលវែងទៀតផង។
ទន្ទឹមជាមួយគ្នា ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការកោតសរសើរ និងលើកទឹកចិត្តឲ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបន្ដធ្វើការងារនេះជាមួយសហព័ន្ធ ក៏ដូចជាមន្ដ្រីជំនាញនៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងអាស៊ីបន្ដទៀតដើម្បីស្វែងរកនូវជំនួយបច្ចេកទេសផ្សេងៗ ពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ដែលកីឡាទូកកានូ និងរ៉ូអ៊ីងនេះត្រូវបានកំណត់រៀបចំការប្រកួតនៅដងព្រែកំពត នាខេត្តកំពតផ្ទាល់តែម្ដង៕