អាល្លឺម៉ង់៖ បណ្ដាមេដឹកនាំនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧ ដែលកំពុងជួបប្រជុំនៅប្រទេសអាល្លឺម៉ង់បាននិយាយថា ពួកគេនឹងរក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ីឱ្យបានយូរតាមតែភាពចាំបាច់ និងបង្កើនសម្ពាធអន្តរជាតិលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Vladimir Putin និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺបេឡារុស។
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា មីស៊ីលរុស្ស៊ីបានវាយប្រហារផ្សារទំនើបមួយកន្លែង នៅកណ្ដាលប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ខណៈទីក្រុង Moscow បានប្រយុទ្ធដើម្បីគ្រប់គ្រងទីក្រុងដ៏សំខាន់មួយនៅភាគខាងកើត ហើយមេដឹកនាំលោកខាងលិចបានសន្យាថានឹងគាំទ្រទីក្រុង Kyiv ក្នុងសង្គ្រាមនេះឲ្យតែអ៊ុយក្រែនត្រូវការ។ លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គម Telegram ថា មនុស្សជាង ១,០០០នាក់បាននៅខាងក្នុង នៅពេលមីស៊ីលរុស្ស៊ីចំនួន ២គ្រាប់បានវាយប្រហារទៅលើផ្សារទំនើបក្នុងទីក្រុង Kremenchuk ភាគអាគ្នេយ៍នៃរដ្ឋធានី Kyiv។ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៣នាក់បានស្លាប់ និង ៥០នាក់បានរងរបួស។
រុស្ស៊ីពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារ ដែលត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែននោះទេ។ ប៉ុន្តែឯកអគ្គរដ្ឋទូតរងរបស់ខ្លួនប្រចាំអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បានចោទប្រកាន់អ៊ុយក្រែនថា បានប្រើឧបទ្ទវហេតុនេះដើម្បីទទួលបានការអាណិតអាសូរ មុនកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តយោធាណាតូនៅថ្ងៃទី២៨ ដល់ ៣០ ខែមិថុនានេះ៕