(សៀងហៃ)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ បានរាយការណ៍ឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង (Xi Jinping) នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងហុងកុង ដើម្បីចូលរួមក្នុងពិធីប្រារព្ធខួបលើកទី២៥ នៃការប្រគល់ទីក្រុងនេះដោយអង់គ្លេសទៅឱ្យប្រទេសចិនវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនេះនឹងជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោក ស៊ី ជិងពីង នៅក្រៅប្រទេសចិនចាប់តាំងពីខែមករា ឆ្នាំ២០២០កន្លងមកនេះ បន្ទាប់ពីការឆ្លងរីក រាលដាលនៃជំងឺ COVID-19។ លោក ស៊ី ក៏នឹងចូលរួមក្នុងពិធីស្បថកាន់តំណែងរបស់លោក ចន លី (John Lee) ជំនួសលោកស្រី ខារី ឡាំ (Carrie Lam) ជានាយកប្រតិបត្តិថ្មីនៃទីក្រុងហុងកុងនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងត្រូវបានប្រគល់ទៅឱ្យប្រទេសចិនវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីការគ្រប់គ្រងក្រោមអាណានិគមអង់គ្លេសអស់រយៈពេល ១៥៦ឆ្នាំ៕