មីយ៉ាន់ម៉ា៖ អ្នកជំនាញអង្គការសហប្រជាជាតិមួយរូបបានអំពាវនាវ ឲ្យចាត់វិធានការកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីបញ្ចប់អំពើហិង្សានៅក្នុងសហភាពមីយ៉ាន់ម៉ា ខណៈមនុស្សជាង ២ពាន់នាក់បានបាត់បង់ជីវិតនៅក្នុងការបង្ក្រាបដ៏ឃោរឃៅចាប់តាំងពីខែកុម្ភៈឆ្នាំមុន នៅពេលរបបយោធាកាន់អំណាចជាថ្មីនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។
លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ា បានទទូចនៅក្នុងសេចក្ដីថ្លែងការណ៍មួយក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍។ សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីយោធាបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi នៅក្នុងរដ្ឋប្រហារ និងបានឃុំលោកស្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់លោកស្រី មកពីគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យកាលពីថ្ងៃទី១ ខែកុម្ភៈ។
លោក Andrews បានបន្ថែមថា របបសឹកនេះបានសម្លាប់ជនស៊ីវិលជាង ២ពាន់នាក់, ចាប់ខ្លួនមនុស្សជាង ១៤,០០០នាក់ និងបង្ខំឲ្យពលរដ្ឋជាង ៧០០,០០០នាក់ភៀសខ្លួនចេញពីប្រទេស ក្នុងនោះមានមនុស្សជាង ១លាននាក់ភៀសខ្លួននៅក្នុងប្រទេស និងបានទាញប្រទេសនេះឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលបានគំរាមកំហែងដល់អាយុជីវិត និងសុខុមាលភាពពលរដ្ឋរាប់លាននាក់៕