ភ្នំពេញ៖ រាជធានីភ្នំពេញ និងខេត្តចំនួន២ទៀត មានខេត្តពោធិ៍សាត់ និងខេត្តសៀមរាប បានទទួលនូវជ័យលាភី ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន មានការរីកចម្រើន និងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ។
ឯកឧត្តម ប៉ុក សុគន្ធណារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ បានមានប្រសាសន៍ថា សម្រាប់ជ័យលាភីលេខ១ បានទៅលើក្រុងពោធិ៍សាត់ អនុវត្តគម្រោងទំនប់បង្ហៀរទឹកក្បាលហុងស្ទឹងពោធិ៍សាត់, លេខ២. បានទៅលើស្រុកបន្ទាយស្រី ខេត្តសៀមរាប អនុវត្តគម្រោងផ្ទះមួយ អំពូលភ្លើងមួយ និងលេខ៣. បានទៅលើសង្កាត់ទឹកល្អក់ទី១ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦ ។
ឯកឧត្តម បានបន្តថា ចំពោះកម្មវិធីពានរង្វាន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីឲ្យគ្រប់បណ្ដារាជធានីខេត្ត បានចូលរួមដាក់គម្រោងរបស់ខ្លួន ដែលគិតថាអនុវត្តបានល្អលើការបម្រើសេវាជូនពលរដ្ឋ ឬអភិវឌ្ឍន៍មូលដ្ឋាន ធ្វើការប្រឡងប្រណាំង ហើយត្រូវបានជ្រើសយកគម្រោងដែលអនុវត្តបានល្អ មកធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ហើយក៏បានរកឃើញនូវជ័យលាភីទាំង៣នេះ ។
ឯកឧត្តម ប៉ុក សុគន្ធណារ៉ា បានបញ្ជាក់ថា គណៈកម្មការដែលវាយតម្លៃ ទៅលើជ័យលាភីនេះ មានខាងក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង សាលារាជធានី ដៃគូអភិវឌ្ឍន៍នៅទីក្រុងប៉ារីស ប្រទេសបារាំង សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង និងភាគីមួយចំនួនទៀត ។
ឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍ថា សមាគមមានរៀបចំការធ្វើដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍រវាងខេត្តជាប់ជ័យលាភី ទៅដល់បណ្ដាខេត្តផ្សេងៗ ដើម្បីដកស្រង់យកបទពិសោធ៍មកអនុវត្ត ទាក់ទងនឹងការអភិវឌ្ឍតំបន់ប្រជុំជន ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ឯកឧត្តម បានរំពឹងថា គណៈប្រតិភូគ្រប់ខេត្ត នឹងដកស្រងយកបទពិសោធន៍ពីរាជធានីខេត្តជ័យលាភី អនុវត្តន៍តាមបណ្ដាខេត្តរៀងខ្លួន ឲ្យកាន់តែល្អប្រសើរ ៕