(វ៉ាស៉ីនតោន)៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ (ពេលវេលាក្នុងតំបន់) ក្មេងជំទង់ម្នាក់ បានបាត់បង់ជីវិត ខណៈមនុស្សពេញវ័យ ៣នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងករណីបាញ់ប្រហារមួយ ដែលកើតមានឡើងនៅរដ្ឋធានីវ៉ាស៉ីនតោន នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។
លោក រ៉ូបឺត ខុនធី (Robert Contee) ស្នងការប៉ូលិសទីក្រុងវ៉ាស៉ីនតោន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្មេងជំទង់អាយុ១៥ឆ្នាំម្នាក់ បានស្លាប់ រីឯមនុស្សពេញវ័យ៣នាក់ ក្នុងនោះ២នាក់ជាជនស៉ីវិល និងម្នាក់ជាមន្រ្តីប៉ូលិស បានរងរបួស ប៉ុន្តែហាក់មិនធ្ងន់ធ្ងរដល់ អាយុជីវិតពួកគេឡើយ។
ហេតុការណ៍ខាងលើ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីមានករណីផ្ទុះអាវុធ ក្នុងផ្សារទំនើបធំមួយកន្លែង នៅរដ្ឋវើជីនៀ (Virginia) ក្បែរទីក្រុងវ៉ាស៉ីនតោន។ យ៉ាងណាមិញ ក្នុងហេតុការណ៍នោះ ហាក់មិនមាននរណាម្នាក់ រងការបាញ់ប្រហារទេ ប៉ុន្តែមនុស្ស៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួស ពេលពួកគេព្យាយាមរត់គេចចេញពីក្នុងផ្សារ មកខាងក្រៅ។
គួរបញ្ជាក់ថា យោងតាមកំណត់ហេតុនៃអំពើហិង្សាដោយកាំភ្លើង ក្នុងឆ្នាំនេះ មានមនុស្សច្រើនជាង ២០,០០០នាក់ បានបាត់បង់ជីវិត ព្រោះតែអំពើហិង្សាដោយកាំភ្លើង នៅទូទាំងសហរដ្ឋអាមេរិក៕