បាល់ទាត់៖ ក្រុមម្ចាស់ផ្ទះអ៊ូសប៊ែគីស្ថានបានយកឈ្នះក្រុមជប៉ុន ២-០ កក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup អាយុក្រោម ២៣ឆ្នាំថ្ងៃពុធម្សិលមិញនេះ។ បន្ទាប់ពីការប្រកួតដែលគ្មានក្រុមស៊ុតបញ្ចូលទីគ្នាក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះអ៊ូសប៊ែគីស្ថានក៏រកបានគ្រាប់នាំមុខនៅវគ្គទី២ នាទីទី៦០ ដោយ Jasurbek Jaloliddinov មុនពេលដែល Husain Norchaev ស៊ុតគ្រាប់ធានាជ័យជំនះនៅនាទីទី៨៩។
ជ័យជំនះនេះធ្វើឱ្យអ៊ូសប៊ែគីស្ថានឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី២ ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំនេះ បន្ទាប់ពីធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ២០១៨ និងជាជើងឯកតែម្តងនៅពេលនោះក្រោយយកឈ្នះ វៀតណាម។ ចំណែកជប៉ុនខកខានឡើងវគ្គផ្តាច់ព្រ័ត្រ ៣ព្រឹត្តិការណ៍ជាប់គ្នាហើយបន្ទាប់ពីឆ្នាំ២០១៦ ដែលខ្លួនជាជើងឯក។ ងាកមកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត អារ៉ាប៊ីសាអ៊ូឌីតបានឈានឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី៣ ក្រោយយកឈ្នះអូស្ត្រាលី ២-០ ផងដែរ។
ជ័យជំនះនេះធ្វើឱ្យអារ៉ាប៊ីសាអ៊ូឌីតឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី៣ និងជាការប៉ុនប៉ងឈ្នះជើងឯកលើកដំបូង ពោលគឺវគ្គផ្តាច់ព្រ័ត្រទាំងពីរលើកកន្លងមកសុទ្ធតែបរាជ័យគឺនៅឆ្នាំ២០១៣ ចាញ់អ៊ីរ៉ាក់ និង ២០២០ ចាញ់កូរ៉េ។ អ៊ូសប៊ែគីស្ថាននឹងឡើងជួបជាមួយអារ៉ាប៊ីសាអ៊ូឌីតនៅវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យនេះ ខណៈអូស្ត្រាលីត្រូវជួបជាមួយជប៉ុនដណ្តើមចំណាត់ថ្នាក់លេខ៣៕