(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។
ការអញ្ជើញទៅកាន់អាមេរិកជាថ្មីនេះ នឹងធ្វើឡើងរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះសម្តេចក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកផងដែរ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រ វិញ្ញាបនបត្រដល់សិស្សមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃចន្ទ័ ទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងទៅអាមេរិកមួយសារទៀត ខ្ញុំមានផែនការទៅអាមេរិក គឺទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលចាប់ផ្តើមនៅថ្ងៃទី២០ ដល់២៤ (ខែកញ្ញា) ថ្ងៃទី២៥ ខ្ញុំនឹងត្រឡប់មកវិញ ខ្ញុំក៏មានគម្រោងជួបជាមួយបងប្អូនខ្មែរនៅអាមេរិកទៀត ហើយខ្ញុំនឹងសួរពីតម្លៃប្រេងនៅអាមេរិក កាលមុនខ្ញុំក៏សួរដែរ ឥឡូវខ្ញុំនឹងសួរទៀត ហើយខ្ញុំយកតម្លៃពីស្រុកខ្មែរទៅ ប្រៀបធៀបជាមួយតម្លៃនៅអាមេរិក ព្រោះកុំឱ្យគេបោកបាន»។
សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកម្តងរួចទៅហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។
អំឡុងពេលនោះ ក្រៅពីចូលរួមកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ក៏មានជំនួបជាមួយមេដឹកនាំមួយចំនួន និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតផងដែរ៕