(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនានេះ។
មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖
-មាត្រា១៤០ ថ្មី
*គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន១១ (ដប់មួយ)រូប។
*គណៈអភិបាលខេត្តមានចំនួនពី៧ (ប្រាំពីរ)រូប ទៅ១១ (ដប់មួយ)រូប។
*គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥ (ប្រាំ)រូប ទៅ៧ (ប្រាំពីរ)រូប។
*ចំនួនជាក់ស្ដែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។
ច្បាប់នេះ ត្រូវបានរៀបចំ និងអនុម័តដាក់ឱ្យប្រើសំដៅធានា និងគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់ទៅលើការលើកកម្ពស់អភិបាលកិច្ច ការផ្ទេរមុខងារនិងធនធាន ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព បរិយាបន្ន និងសមធម៌សង្គម។
ការអនុវត្តរយៈពេលប្រមាណ ១៤ឆ្នាំកន្លងទៅនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនមានជាអាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាចនិងការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើងនូវរចនាសម្ព័ន្ធនិងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរមុខងារក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន ការផ្ទេរបុគ្គលិកនិងការកសាងសមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍ កម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕