កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានថ្កោលទោស ការបាញ់មីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង ដោយបានបាញ់មីស៊ីលបាលីស្ទីកចំនួន ៨គ្រាប់ជាការបង្ហាញកម្លាំង និងត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តទាំង២ ឆ្លើយតបការបង្ករឿងរបស់ក្រុង Pyongyang។
ការបាញ់នៅព្រឹកថ្ងៃចន្ទនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក រយៈចម្ងាយខ្លីចូលទៅសមុទ្រក្បែរដែនទឹករបស់ខ្លួន ជាអ្វីដែលក្រុមអ្នកវិភាគនិយាយថា គឺជាការបាញ់សាកល្បង ១លើកមានចំនួនច្រើនគ្រាប់ដ៏ធំបំផុត មិនធ្លាប់មានពីប្រទេសអាវុធនុយក្លេអ៊ែរមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយថា សម្ព័ន្ធមិត្តទាំង២ បានបាញ់មីស៊ីលបាលីស្ទីកចំនួន ៨គ្រាប់ចូលក្នុងសមុទ្រភាគខាងកើតចាប់ផ្ដើមនៅម៉ោង 4:45នាទីព្រឹកម៉ោងក្នុងស្រុកមានរយៈពេលប្រហែល ១០នាទី។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលបានកាន់អំណាចកាលពីខែមុន បានសន្យាប្រកាន់គោលជំហរកាន់តែម៉ឺងម៉ាត់ទល់នឹងកូរ៉េខាងជើង ដែលបានបង្កើនការអភិវឌ្ឍន៍កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន និងបានព្រមព្រៀងជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden នៅជំនួបកំពូលកាលពីខែឧសភាក្នុងទីក្រុងសេអ៊ូល ដើម្បីពង្រឹងសកម្មភាពសមយុទ្ធយោធារួមគ្នា និងរួមគ្នាទប់ទល់ការគំរាម៕