ពោធិ៍សាត់៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំចេញប័ណ្ណប្រើប្រាស់ និងអាស្រ័យផល ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់មុនគេ ដែលមានដីត្រូវកាត់ឆ្វៀលចេញពីតំបន់៣ ដាក់ចូលតំបន់២ ដែលជាប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍ អាស្រ័យផលរាប់សិបឆ្នាំមកហើយ តាំងពីមុនឆ្នាំ២០១២ ។
នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការងារកាត់ឆ្វៀលដីតំបន២ និងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ ។
ក្នុងនោះដែរ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា ប័ណ្ណប្រើប្រាស់ និងអាស្រ័យផល ដែលគ្រោងនឹងចេញជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ កន្លងមកពុំដែលមាប័ណ្ណប្រភេទនេះឡើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹងរៀបចំរចនា អោយដូចគ្នាបេះបិតទៅនិងវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធ ទាំងទំហំ , ពណ៌ និងមានQR Code ដូចគ្នា ខុសតែការសរសេរអក្សរប័ណ្ណប្រើប្រាស់ និងអាស្រ័យផល និងវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ការរៀបចំទំរងប័ណ្ណនេះ គឺស្របតាមសេចក្តីសម្រេច ឬអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយផ្អែកទៅលើ ឧបសម្ព័ន្ធដែលមានភាពសុក្រឹតត្រឹមត្រូវ ។
សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ , ក្រុមការងារថ្នាក់ក្រសួង រួមនិងក្រុមការងារថ្នាក់ខេត្ត បានខិតខំធ្វើការងារវាស់វែង កំណត់ប្រវត្តនិងកំណត់ក្បាលដី នៅតំបន់២ និងតំបន់៣ បង្កើតជាទិន្នន័យផ្លូវការយ៉ាងជាក់លាក់ ត្រឹមត្រូវ ជាពិសេសដោយមានការយកចិត្តទុកដាក់ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលសម្តេច តេជោ ហ៊ុន សែន តែងតែគិតគូជាចំបង ទើបរាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យ ស្តីពីការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា និង ៧៧អា ចេញពីតំបន់៣ដាក់ចូលមកតំបន់ពីនៃបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៦៥៨គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល ដោយគ្រប់ដណ្តប់ក្នុងស្រុកចំនួន៣ គឺ៖
– ស្រុកក្រគរ មាន៤ឃុំ ផ្ទៃដីទំហំ ១១២២ហិកតា ៤៥អា ជូនប្រជាពលរដ្ឋ៧០៦គ្រួសារ
– ស្រុកកណ្តៀង មាន៤ឃុំ ផ្ទៃដីទំហំ ១១៦៩ហិកតា ៧២អា ជូនប្រជាពលរដ្ឋ៥៨៥គ្រួសារ
– ស្រុកបាកាន មាន៣ឃុំ ផ្ទៃដីទំហំ១១៥៦ហិកតា ៦០អា ជូនប្រជាពលរដ្ឋ ៣៦៧គ្រួសារ ៕