(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា កងកម្លាំងរបស់ខ្លួនប្រហែលជានឹងត្រូវដកថយចេញពីមូលដ្ឋានតស៊ូចុងក្រោយ នៅក្នុងតំបន់លូហាន (Luhansk) ដើម្បីចៀសវាងក្លាយជាឈ្លើយសឹក ខណៈកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកកាន់តែរុលទៅមុខ នៅក្នុងតំបន់ដុនបាស់។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។
ការដកថយនេះ អាចនាំឲ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ខិតកាន់តែជិតទៅដល់គោលដៅក្នុងការដណ្តើមយកតំបន់លូហាន និងដូណេត ដែលស្ថិតនៅ ភាគខាងកើតរបស់អ៊ុយក្រែនយ៉ាងពេញលេញ នៅក្នុងបរិបទដែលកងទ័ពរុស្ស៉ី បានកាន់កាប់ទីតាំងសំខាន់ៗមួយចំនួននៃតំបន់ទាំងពីរនេះ។ បើតាមអភិបាល តំបន់លូហាន់នៃភាគីអ៊ុយក្រែន លោក សឺហ៊ៀ ហ្គៃដៃ (Serhiy Gaidai) កងទ័ពរុស្ស៊ីបានចូលទៅដល់ទីក្រុង សៀវីយ៉េរ៉ូដូណេត (Sievierodonetsk) ជាទីក្រុង ធំបំផុត ក្នុងតំបន់ដុនបាស់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។
៩០ភាគរយនៃអគារនៅក្នុងទីក្រុងនេះ បានរងការខូចខាត ប៉ុន្តែលោក ហ្គៃដៃ បានកត់សម្គាល់ថា រុស្ស៊ីនឹងមិនអាចដណ្ដើមយកតំបន់លូហាន ទាំងមូលបាន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដូចអ្នកវិភាគខ្លះបានព្យាករនោះទេ។ «យើងនៅតែមានកម្លាំង និងធនធានគ្រប់គ្រាន់ដើម្បីការពារខ្លួន តែទោះយ៉ាងណាក៏ដោយ វាអាចទៅរួចដែរ ដែលថាដើម្បីកុំឱ្យមានការឡោមព័ទ្ធ យើងនឹងត្រូវដកថយ»។ នេះជាការបញ្ជាក់របស់លោក ហ្គៃដៃ។
គួរបញ្ជាក់ថា ក្រុមផ្តាច់ទឹកដីគាំទ្រដោយរុស្ស៉ី បានអះអាងថា ពួកគេកំពុងគ្រប់គ្រងទីក្រុងលីម៉ាន់ (Lyman) ដែលជាមជ្ឈមណ្ឌលផ្លូវដែក ស្ថិតនៅភាគខាងលិច នៃទីក្រុង Sievierodonetsk។ អ៊ុយក្រែនទទួលស្គាល់ថា រុស្ស៊ីបានដណ្តើមកាន់កាប់ភាគច្រើននៃក្រុងនេះ ប៉ុន្តែកម្លាំងរបស់ខ្លួនកំពុងរារាំងការឈានទៅមុខ ក្រុង ស្លូវីយែន (Sloviansk) ដែលស្ថិតនៅភាគនិរតី។
ដោយឡែក លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងការពារទឹកដីរបស់ខ្លួន ហើយកងទ័ពអ៊ុយក្រែនបានវាយរុញច្រាន ការវាយប្រហាររបស់រុស្ស៉ី ៨លើក នៅឯតំបន់ដូណេត និងលូហាន កាលពីថ្ងៃសុក្រសប្តាហ៍នេះដោយបានបំផ្លាញរថក្រោះ និងរថពាសដែកផងដែរ ជាមួយ ការសង្កត់ធ្ងន់ដូច្នេះប្រសិនបើរុស្ស៉ីគិតថា ទីក្រុងទាំងពីរនេះនឹងក្លាយជារបស់ពួកគេ នោះគឺជាការគិតខុសហើយ៕