ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃនេះ បានអនុម័តជាឯកច្ឆន្ទចំពោះការស្នើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ឆ្លើយតបចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ យោងតាមការស្នើសុំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដែលមានសមាជិក-សមាជិកាចូលរួមចំនួន៨រូប ដើម្បីពិនិត្យធម្មនុញ្ញភាពចំពោះការស្នើវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ។
ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យដឹងថា ក្រោយពីការពិនិត្យ និងពិភាក្សាពេញមួយព្រឹក ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យឃើញថា ការស្នើវិសោធនកម្មច្បាប់នេះស្របតាមមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញ។
ក្នុងនោះ ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចអនុម័តជាឯកច្ឆ័ន្ទចំពោះការស្នើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ។
ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បញ្ជាក់ថា ក្នុងពេលពិនិត្យអំពីធម្មនុញ្ញភាព ច្បាប់នេះជាការឆ្លើយតបចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ គឺជាការបើកផ្លូវឲ្យបង្កើនសមាសភាពគណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌច្រើនជាងមុន។
ក្នុងនោះផ្តោតសំខាន់ទៅលើការលើកកម្ពស់អភិបាល និងការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យមូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងសមធម៌សង្គម៕