ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ីដទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាស សន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរអំពី ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើភេរវកម្មឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជាក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និងពិភពលោក។
ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទអន្តរជាតិខាងលើ នឹងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីដ៏សកម្មនៅក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេសនៅក្នុងបុព្វហេតុស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩៕