ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅកាត់ថា AIMF ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមនិយាយភាសាបារាំង នៅសាលារាជធានីភ្នំពេញ។
កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនាពេលនេះរួមមាន៖ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។
ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូសមាគមនិយាយភាសាបារាំង ដែលដឹកនាំដោយលោក ព្យែរ ប៊ៃយ៉េ ធ្វើឡើងក្នុងគោលបំណងចំនួន៣ ដែលមានដូចជា ទី១-ការអនុម័តលើការងារនៃគម្រោងកិច្ចសហការរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម AIMF ក្នុងការរៀបចំបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងក្របខ័ណ្ឌដៃគូសហការយុទ្ធសាស្ត្ររបស់សមាគម AIMF ជាមួយសហភាពអឺរ៉ុប។ ការផ្សព្វផ្សាយឯកសារសិក្សា និងឯកសារយុទ្ធសាស្ត្រដែលបានរៀបចំតាក់តែង និងអនុម័តដោយរដ្ឋបាលរាជធានីភ្នំពេញ។ ទី២-ការពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប។ សាងសង់មជ្ឈមណ្ឌលសហគមន៍មួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន។ និងទី៣- ការជួបប្រជុំ និងការបង្ហាញដៃគូសហការអន្តរជាតិនៅកម្ពុជា ដែលជាជំនួបជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហភាពអឺរ៉ុប ម្ចាស់ជំនួយ និងដៃគូរបស់រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប និងស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ សមាគម AIMF លើកទី៤០ នៅភ្នំពេញ។ នេះជាកិត្តិយស និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងដែលជាសមាជិកសមាគម AIMF និងទទួលបានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុងដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។
គួរបញ្ជាក់ថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០ និងបានក្លាយជាសមាជិកការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោមសមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅការិយាល័យអចិន្ត្រៃយ៍នេះ៕