(កណ្តាល) : បញ្ហាវិវាទរវាងភាគីលោក ផេង វណ្ណា និងលោក អ៊ុក រដ្ឋា រហូតមានការប្ដឹងផ្ដល់គ្នាដល់ប្រព័ន្ធតុលាការ រហូតដល់សាលាឧទ្ធរណ៍អស់រយៈពេល៣ឆ្នាំមកហើយ តែវិវាទនេះត្រូវបានបញ្ចប់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នេះនៅក្នុងទឹកដីភូមិអញ្ជែង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម សៅ វាសនា ភាគីទាំងពីរបានជួបជួបគ្នា ដើម្បីដោះស្រាយគ្នា និងយល់ព្រមធ្វើលិខិតសះជា បញ្ចប់វិវាទក្រោមគោលនយោបាយឈ្នះឈ្នះសម្ដេចតេជោ។
ក្នុងករណីជួបជុំដើម្បីដោះស្រាយធ្វើលិខិតសះជាបញ្ចប់វិវាទនេះ ភាគីរបស់លោក ផេង វណ្ណា យល់ព្រមដកពាក្យបណ្ដឹង និងបញ្ចប់នូវនីតិវិធីប្តឹងផ្សេងៗពីគ្រប់ស្ថាប័នទាំងអស់ ចំណែកលោក អ៊ុក រដ្ឋា វិញយល់ព្រមសុំទោសជាសាធារណៈនូវការផ្ដល់ព័ត៌មានទៅអ្នកសារព័ត៌មានដែលធ្វើឲ្យមានការយល់ច្រឡំ ព័ត៌មានមិនពិត នាពេលកន្លងមក និងមានលក្ខខណ្ឌមួយចំនួនទៀតដែលភាគីទាំងពីរត្រូវបំពេញឲ្យគ្នាទៅវិញ ទៅមកដើម្បីស្នាមញញឹម រស់ក្រោមដំបូលសន្តិភាពតែមួយ។
ក្រោយពីបញ្ជប់ភាគីទាំងពីរ នឹងបំពេញកាតព្វកិច្ច ដែលបានធ្វើជាមួយគ្នាក្នុងលិខិតសះជា និង បន្តរាប់អានគ្នាដោយស្នាមញញឹម៕