(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រាប់ទៅក្រសួងសុខាភិបាល ឲ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ខណៈភាគីចិនកំពុងរង់ចាំការឆ្លើយតប។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា បើវិស័យឯកជនដែលទទួលបានអាជ្ញាបណ្ណបង្កើតរោងចក្រផលិតវ៉ាក់សាំងនោះមិនដំណើរការរួចទេ ត្រូវតែដកអាជ្ញាបណ្ណឲ្យរដ្ឋធ្វើវិញ។
ថ្លែងបណ្តើរងាកទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលបណ្តើរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «គ្នាយើងត្រូវខិតខំជំរុញនរណា ដែលមានសិទ្ធិនេះ (ទទួលបានការអនុញ្ញាតបង្កើតរោងចក្រផលិតវ៉ាក់សាំង)។ ខាងចិនបានតឿនកម្ពុជាថា ឆ្លើយឬមិនឆ្លើយ? ឥឡូវវិស័យឯកជនកម្ពុជា ដែលបានទទួលសិទ្ធិនេះធ្វើ ឬមិនធ្វើ? បើមិនធ្វើត្រូវប្រគល់ឲ្យអ្នកផ្សេងធ្វើ។ អត់មានទុកអញ្ចឹងទេ។ ខាងចិនលើកមកថា ខាងខ្មែរយឺត។ ឥឡូវ បើមិនធ្វើទេដកយកលីហ្សង់ (អាជ្ញាបណ្ណ) ប្រគល់ឲ្យក្រុមហ៊ុនណាហ៊ានធ្វើ។ អត់មានឲ្យក្រុមហ៊ុនមួយមកវ៉ាងទីទេ ខ្ញុំត្រូវការមានរោងចក្រមួយផលិតវ៉ាក់សាំង»។
សម្តេចតេជោ បានបន្តថា «ហ៊ុន សែន និយាយដាច់ខាត គឺថាអត់មានលើកលែទេអាកន្លែងហ្នឹង។ ខ្ញុំត្រូវតែមានទុន មានប្រដាប់នៅក្នុងដៃ។ ឥឡូវ ខាងភាគីចិនគេថាយើងអត់ឆ្លើយ អត់មានធ្វើអី។ អត់មានយកលីហ្សង់មកទេ! ដកហួតលីហ្សង់មក បើធ្វើមិនបាន។ ហើយត្រូវតែរាយការណ៍ឲ្យខ្ញុំគ្រប់ពេល។ ឥឡូវខ្ញុំប្រាប់ថា មួយអាទិត្យត្រូវរាយការណ៍ឲ្យខ្ញុំម្តង អំពីវឌ្ឍនាភាពនៃរោងចក្រផលិតវ៉ាក់សាំង។ ដោយសារតែខ្ញុំមិនឲ្យរាយការណ៍ហ្នឹងហើយ បានជាអស់លោកទុកចោលប៉ុន្មានខែ តាំងពេលដែលចិនព្រមព្រៀង។ ក្រសួងសុខាភិបាល ខ្លួនឯងកុំយឺតយ៉ាវ។ វិស័យឯកជនដែលចង់ធ្វើ បើមិនកើតទេ ដកមកវិញមក ក្រសួងយើងធ្វើតែម្តងទៅ។ ទៅ! ទុនមាន! អត់មានបញ្ហាទេ។ ខ្ញុំបញ្ចេញថវិកា ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យរដ្ឋផលិតតែម្តងធ្វើជាដៃគូជាមួយខាងចិន»។
សូមជម្រាបថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានប្រកាសគាំទ្រឱ្យមានការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ចិននៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រមុខការទូតចិន ជួបពិភាក្សាទ្វេភាគី ជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អំឡុងពេលដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ច និងជំនួបទ្វេភាគីរបស់ប្រមុខការទូតប្រទេសទាំងពីរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា៖ «លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាការឆ្លើយតប លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ផងដែរ»។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មានអំឡុងទទួលជំនួយវ៉ាក់សាំងចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅក្នុងប្រទេសកម្ពុជា។
នេះមិនមែនជាលើកទីមួយទេ ដែលសម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំង ក្រោយពីចិនបានឯកភាពរួចហើយ លើការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងនេះ។ សម្តេចតេជោ ហ៊ុន សែន បានរំពឹងទុកថា បើមានរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ថ្ងៃក្រោយយើងចង់ផលិតវ៉ាក់សាំងអ្វីក៏បាន ដោយសារយើងមានមូលដ្ឋានស្រាប់៕