អ៊ុយក្រែន៖ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រជាជនជាង ៦លាន ៤សែននាក់នៅប្រទេសអ៊ុយក្រែនទទួលបានជំនួយសំខាន់ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយថា ជំនួយជាសាច់ប្រាក់ត្រូវបានផ្តល់ឲ្យដល់ប្រជាជនជាង ៦៥៥,០០០នាក់ដែលពួកគេនឹងទទួលបានលើតម្រូវការមូលដ្ឋានចាំបាច់មួយចំនួន។ លោកបាននិយាយថា ប្រជាជនជាង ១លាន ៥សែននាក់បានទទួលការគាំទ្រផ្នែកថែទាំសុខភាព ហើយប្រជាជនប្រមាណ ៣៥២,០០០នាក់ទទួលបានទឹកស្អាត និងផលិតផលអនាម័យសម្រាប់ការប្រើប្រាស់ ខណៈប្រជាជន ៤៣០,០០០នាក់បានទទួលសេវាការពារជំនួយផ្លូវចិត្ត និងសេវាផ្នែកច្បាប់សំខាន់ៗ រួមទាំងការគាំទ្រដល់ជនភៀសខ្លួននៅក្នុងប្រទេស៕