(វ៉ាស៊ីនតោន, អាមេរិក)៖ មុនការឈានមកដល់នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន) បានឆ្លៀតជួបពិភាក្សាការងារមួយចំនួនដោយផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហារបស់អាស៊ាន។
ពាក់ព័ន្ធនឹងបញ្ហាទ្វេភាគី លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម បានជជែកលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ វិស័យទេសចរណ៍ ការធ្វើពាណិជ្ជកម្ម ការបោះឆ្នោត និងកិច្ចការព្រំដែន។
ពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានជម្រាបនាយករដ្ឋមន្ត្រីវៀតណាម ពីភាពជោគជ័យរបស់កម្ពុជាលើការគ្រប់គ្រងជំងឺកូវីដ១៩ រហូតដល់មិនមានការឆ្លងថ្មីរយៈពេល៥ថ្ងៃមកហើយ ហើយកម្ពុជាកំពុងដាក់សិស្សនិស្សិត ជាជនអាទិភាពក្នុងការទទួលវ៉ាក់សាំងផងដែរ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការគ្រប់គ្រងជំងឺកូវីដ១៩ បានជោគជ័យ បាននិងកំពុងធ្វើឱ្យកម្ពុជាទទួលបានលទ្ធផលល្អប្រសើរលើការគ្រប់គ្រងសេដ្ឋកិច្ចផងដែរ។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរចំពោះលទ្ធផលល្អលើការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ របស់កម្ពុជា។ លោកក៏បានយល់ឃើញដែរថា ការគ្រប់គ្រងដោយជោគជ័យលើជំងឺកូវីដ១៩ នឹងរួមចំណែកដ៏សំខាន់ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរឡើងវិញ។
ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញនូវការវិវឌ្ឍន៍ដ៏ល្អនៃសេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ២០២២នេះ។ សម្តេចតេជោ បានជម្រាបនាយករដ្ឋមន្ត្រីវៀតណាមថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងដំណើរការយ៉ាងល្អប្រសើរ ដោយការនាំចេញបានកើនឡើង ក្នុងឆ្នាំ២០២១ និង២០២២។ ក្នុងនោះ ចុងឆ្នាំ២០២១ កើនឡើងជាង ៣០ភាគរយ ហើយ ៤ខែដំបូងឆ្នាំ២០២២ ក៏មានការឡើងរហូតដល់ជាង ៣០ភាគរយដែរ ខណៈការនាំចេញទៅអាមេរិក កើនឡើងដល់ទៅប្រមាណ ៤០ភាគរយ។ បន្ថែមពីលើនោះ ចំណូលពន្ធដារកើនឡើងប្រមាណ ៤៣ភាគរយ។
ពាក់ព័ន្ធបញ្ហាបោះឆ្នោតវិញ សម្តេចតេជោ ហ៊ុន សែន បានជម្រាបនាយករដ្ឋមន្ត្រីវៀតណាមថា បរិយាកាសនៃដំណើរការបោះឆ្នោតនៅកម្ពុជាកំពុងមានភាពល្អប្រសើរ។ សម្តេចតេជោ បានគូសរំលេចថា ដំណើរការប្រជាធិបតេយ្យ និងស្ថិរភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ ដែលជាចំណុចដ៏សំខាន់សម្រាប់ការវិនិយោគ។
ពាក់ព័ន្ធការធ្វើទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជា និងវៀតណាម បើកការហោះហើរ និងធ្វើដំណើរតាមផ្លូវគោកឡើងវិញ ដើម្បីសម្រួលដល់ការធ្វើទេសចរណ៍រវាងប្រទេសជាពលរដ្ឋនៃប្រទេសទាំងពីរ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរ ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈកម្ពុជា ក៏បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។
ពាក់ព័ន្ធបញ្ហានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរ បានបើកទេសចរណ៍ឡើងវិញទាំងស្រុងឡើងវិញ ទាំងផ្លូវគោក និងផ្លូវអាកាស។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មិញជីញ ក៏បានពិភាក្សាផងដែរពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែលសម្រេចបាន ៦ភាគរយបន្ថែមទៀត នៅឆ្នាំ២០២២នេះ បន្ទាប់ពីការចរចាអស់រយៈពេល៣ឆ្នាំ។ ប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើការឯកភាពលើបញ្ហាព្រំដែន៦ភាគរយនេះ ក្នុងឆ្នាំ២០២២នេះ។ មកដល់ពេលនេះបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម សម្រេចបាន៩០ភាគរយហើយ។
នាយករដ្ឋមន្ត្រីវៀតណាម ក៏បានបង្ហាញពីបំណងយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ក៏ដូចជាអញ្ជើញសម្តេចតេជោ ទស្សនកិច្ចនៅវៀតណាមផងដែរ ដើម្បីរឹតចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដោយឡែកបញ្ហារបស់អាស៊ានវិញ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណដល់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរៀបចំ និងសម្របសម្រួល ឱ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅវ៉ាស៊ីនតោន។ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណដល់តួនាទីសម្តេចតេជោ ដែលបានរួមចំណែកជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយក៏បានកោតសរសើរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីវៀតណាម ដែលបានសរសើរ និងផ្តល់តម្លៃដល់តួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនេះ អាស៊ាន និងអាមេរិក នឹងមានឱកាសពិនិត្យមើលពីបញ្ហាមួយចំនួននៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានគាំទ្រតួនាទីរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយសម្តេចក៏បានបង្ហាញនូវការវិវឌ្ឍន៍ដ៏ល្អ នៃការរៀបចំផ្តល់ជំនួយសប្បុរសធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាចំណុចសំខាន់មួយ ក្នុងគោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញលទ្ធផលនៃជំនួបរវាងសម្តេច និងលោក មីន អោងឡាំង កាលពីថ្ងៃទី០២ ខែឧសភា កន្លងទៅនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ភាពជោគជ័យរបស់អាស៊ាន អាចសម្រេចទៅបាន គឺអាស្រ័យលើសមាជិករបស់អាស៊ានចូលរួមដោះស្រាយជាមួយគ្នា។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់តបថា វៀតណាម ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហារបស់អាស៊ាន៕