ឧត្ដរមានជ័យ៖ អាជ្ញាធរកម្ពុជា-ថៃ គ្រោងនឹងជួបពិភាក្សាគ្នា ដើម្បីឈានទៅបើកច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកជាំ-សាង៉ាំឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលពីរឆ្នាំ ដោយសារបញ្ហាជំងឺកូវីដ-១៩។
លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យ បានឱ្យដឹងថា អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្ដម ប៉ែន កុសល នឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ទៅជួបជជែកជាមួយអាជ្ញាធរថៃ ខេត្តសុរិន្ទ នៅរសៀលថ្ងៃនេះ លើបញ្ហាមួយចំនួន ដើម្បីអាចឈានទៅបើកច្រកព្រំដែនអន្តរជាតិអូរស្មាច់ ដើម្បីឱ្យពលរដ្ឋទាំងសងខាង បានចេញចូលឡើងវិញនៅពេលឆាប់ៗនេះ។
នៅថ្ងៃទី៩ខែឧសភា ខាងមុខនេះ អភិបាលខេត្ត ក៏គ្រោងនឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ទៅជួបជជែកជាមួយអាជ្ញាធរខេត្តស៊ីសាកេត ដើម្បីបើកច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃ ជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែងផងដែរ។
អាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តទាំងពីរនេះ នឹងជជែកគ្នាអំពីលក្ខខណ្ឌតម្រូវចំពោះប្រជាពលរដ្ឋ ដែលចេញចូលទៅមក ពិសេសគឺតម្រូវឱ្យពលរដ្ឋមានកាតចាក់វ៉ាក់សាំង ។
ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មានច្រកព្រំដែនអន្តរជាតិ ចំនួនពីរ ជាមួយប្រទេសថៃ គឺអូរស្មាច់ ជា មួយខេត្តសុរិន្ទ និងច្រកជាំ-សាង៉ាំ ជាមួយខេត្តស៊ីសាកេត និងច្រកមនុស្សធម៌ ជប់គគីរ ជាមួយខេត្តបូរីរ៉ាំ៕