ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំនូវទីតាំងទទួលធ្វើប័ណ្ណព្រំដែន ចំនួន២កន្លែង ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋទៅទទួលសេវានេះ បន្ទាប់ពីអាជ្ញាធរនៃប្រទេសថៃ បានបើកច្រកព្រំដែនឡើងវិញ ដើម្បីឲ្យពលរដ្ឋអាចឆ្លងដែនចេញចូលកម្ពុជា-ថៃ ប៉ុន្តែត្រូវបំពេញកាតព្វកិច្ចមួយចំនួន ។
ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ BTV នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះថា ដើម្បីសម្រួលដល់ការធ្វើឯកសារធ្វើប័ណ្ណព្រំដែននេះ រដ្ឋបាលខេត្តបានបង្កើននូវកម្លាំង ប្រចាំការនៅច្រកចេញចូលតែមួយក្នុងសាលាខេត្ត ដើម្បីជំរុញការផលិតទទួលពាក្យបណ្ដឹង រួមទាំងសម្របសម្រួលបំពេញឯកសារ ។
ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងមួយទៀត នៅច្រកចេញចូលតែមួយក្នុងក្រុងប៉ោយប៉ែត ដើម្បីសម្របសម្រួលឲ្យពលរដ្ឋនៅក្រុងប៉ោយប៉ែត មិនចាំបាច់ឡើងទៅទីរួមខេត្ត ដោយរដ្ឋបាលខេត្តបានបង្កើតក្រុមការងារ ទទួលពាក្យស្នើសុំធ្វើប័ណ្ណព្រំដែន បើទោះបីមានការហត់នឿយ ប៉ុន្តែធ្វើយ៉ាងណា ធ្វើប័ណ្ណព្រំដែនពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរថៃ បានបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ គិតត្រឹមថ្ងៃទី៣ ខែឧសភា មានពលរដ្ឋទៅស្នើសុំធ្វើប័ណ្ណព្រំដែន មានជាង ៥០០នាក់ហើយ ។
គួរបញ្ជាក់ថា អាជ្ញាធរថៃ បានសម្រេចបើកច្រកទ្វារព្រំដែនឡើងវិញជាមួយកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដោយពលរដ្ឋអាចធ្វើដំណើរឆ្លងដែនចេញចូលឡើងវិញ ប៉ុន្តែត្រូវភ្ជាប់ជាមួយនូវលិខិតឆ្លងដែន (ប៉ាស្ព័រ), ប័ណ្ណព្រំដែន (ប័ណ្ណវ័តធឺផាក់) រួមទាំងមានប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ ៕