(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសដាក់សិស្សនិស្សិតទូទាំងប្រទេស ជាក្រុមអាទិភាពជួរមុខទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចគ្នានឹងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ក្រុមជួរមុខដូចជា មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន កម្មករប្រមូលសំរាប កីឡាករ កីឡាករិនី សិល្បករ សិល្បការិនី ជាដើម ប៉ុន្តែពេលនេះ គឺកំណត់យកសិស្សនិស្សិត ជាក្រុមជួរមុខ។
ការប្រកាសរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំសុំប្រកាស ដាក់សិស្សានុសិស្ស និស្សិតទាំងអស់នៅទូទាំងប្រទេស ទៅជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ត។ មុននេះខ្ញុំបានប្រកាសត្រឹមមុខសញ្ញា ពាក់ព័ន្ធមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាក្រុមអាទិភាពជួរមុខទេ ឥឡូវដើម្បីធានាសុវត្ថិភាពសម្រាប់សិស្ស កុមារាកុមារីរបស់យើង ត្រូវដាក់ក្នុងដំណើរការអាទិភាព នៃការផ្តល់វ៉ាក់សាំង។ ថ្ងៃនេះវ៉ាក់សាំង Pfizer ជិត២លានដូសបានដល់ ដែលយើងប្រើប្រាស់វ៉ាក់សាំងនេះជាដូសជំរុញ សម្រាប់គ្រូបង្រៀង និងកូនសិស្ស មិនថាជាដូសទី៣ ឬដូសទី៤នោះទេ។ កម្លាំងជួយទៅមុខដើរដល់ណា កូនសិស្សត្រូវដើរដល់នោះដូចគ្នា។ យើងមានសិស្សនិស្សិតជាង៣លាននាក់ ដូចនេះដើមការចាក់ម្តង៣លានដូស មិនពិបាកសម្រាប់កម្ពុជា ដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់»។
សម្តេចតេជោបានថ្លែងថា ការកំណត់សិស្សនិស្សិតជាក្រុមអាទិភាពជួរមុខ ក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ គឺដើម្បីបង្កើនភាពសុំាសហគមន៍ ធានាបាននូវការសិក្សារបស់សិស្សនិស្សិត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ ក៏ដូចជាគ្រូនៅទូទាំងប្រទេស ដែលបានប្រឹងប្រែងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ១៩។
សម្តេចតេជោក៏បានរំលឹកផងដែរ ពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការក្នុងការបិទសាលារៀន កាលពីពេលកន្លងមក ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩ ព្រោះតែពេលនោះមិនទាន់មានវ៉ាក់សាំងនោះទេ ដែលទាមទាររាជរដ្ឋាភិបាលធ្វើការសម្រេចចិត្ត ដើម្បីការពារអាយុជីវិតរបស់ប្រជាជន ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ពីជំងឺកូវីដ១៩។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បើគ្មានការដាក់ចេញវិធានការទាន់ពេលវេលានោះទេ កម្ពុជាអាចនឹងកើតមានសោកនាដកម្មមិនខាន ដោយសារតែការស្លាប់របស់ប្រជាជន។ ដោយសារតែវិធានការ និងការសម្រេចវ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានអនុញ្ញាតឲ្យកម្ពុជា អាចបើកសាលារៀន និងបើកប្រទេសពេញលេញឡើងវិញ។
សូមជម្រាបថា គិតរហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ប្រមាណជាង៧៣លានដូស ដោយរួមទាំងជំនួយទ្វេភាគី ជំនួយតាមមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ ដែលបានទទួលជាង៥៣លានដូស ហើយជាង២០លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់៕