(បាត់ដំបង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីចុងសប្តាហ៍ បាននាំឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងសម័យ UNTAC ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលប្រតិបត្តិការបោសសម្អាតដោយ CMAC និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារមីន ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ហេង រតនា អគ្គនាយក CMAC។
លោកឧត្តមសេនីយ៍ John Sanderson បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពបោសសម្អាតមីនរយៈពេល ៣០របស់កម្ពុជា និងការកសាងសមត្ថភាពក្នុងវិស័យមីន ជាពិសេសឧត្តមសេនីយ៍ឯក បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឲ្យមានស្ថាប័នគ្រប់គ្រងវិស័យមីនយ៉ាងរឹងមាំ និងពោរពេញដោយជំនាញ សម្រាប់ចូលរួមជួយដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បានឃើញយ៉ាងច្បាស់ និងកោតសរសើរចំពោះការរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាក្រោយសន្តិភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ដែលចូលរួមគាំទ្រដល់កិច្ចដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងបន្តចូលរួមដល់ការស្តារឡើងវិញ និងការអភិវឌ្ឍកម្ពុជា ក្រោមកម្មវិធីជំនួយមនុស្សធម៌ដ៏ធំ រួមទាំងជំនួយក្នុងការបោសសម្អាតមីនផងដែរ។
លោកបន្តទៀតថា ប្រទេសអូស្រ្តាលី គឺជាប្រទេសនាំមុខគេក្នុងការចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌ ព្រមទាំងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនពីគ្រោះថ្នាក់ដោយសារមីន និងផ្តល់សុវត្ថិភាពដល់សហគមន៍ជនបទសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេល ៣០ឆ្នាំកន្លងទៅនេះ៕