(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។
Instagram របស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះថា «hunsencambodia»។ សម្តេចតេជោ បានបញ្ជាក់ពីការប្រើប្រាស់បណ្តាញ IG យ៉ាងដូច្នេះ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការ នៃ instagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ»។
សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែបានធ្វើបច្ចុប្បន្នភាពជាប់ជានិច្ចជាមួយប្រព័ន្ធបច្ចេកវិទ្យាកំពុងវិវឌ្ឍន៍លើសកលលោក។
ក្រៅតែជាមេដឹកនាំមានភាពប៉ិនប្រសប់ជាមួយការប្រើប្រាស់ និងស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដែលតែងប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សារភ្ជាប់ជីវិតការងារ និងជីវិតឯកជនភាពរបស់សម្តេចជាមួយនឹងប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥។ មកដល់ពេលបច្ចុប្បន្នទំព័រ Facebook របស់សម្តេចតេជោ មានអ្នកចុច Like និង Follow ប្រមាណជា ១៣លាននាក់។ តាមរយៈទំព័រហ្វេសប៊ុកនេះ ក្រៅតែពីការផ្សព្វផ្សាយនូវសកម្មភាពការងាររបស់សម្តេចក្នុងកិច្ចការបម្រើជាតិ និងប្រជាជនហើយនោះ ទំព័រហ្វេសប៊ុក ក៏ជាទីលានដែលសម្តេចបានបង្ហាញពីជីវិតឯកជន និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏អាចទទួលសំណើ បញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋតាមទំព័រ Facebook ផងដែរ។
ការឆ្ពោះមកប្រើប្រាស់ Instagram នាពេលនេះ គឺជាការបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន កំពុងពង្រីកការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញសង្គមដ៏ល្បាញល្បីលើពិភពលោកមួយនេះបន្ថែមទៀត។
សូមបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ ក្រៅតែពីការប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram សម្តេចតេជោ ក៏បានប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀត ដើម្បីប្រាស្រ័យទាក់ទងជាមួយក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារផ្សេងៗ ក៏ដូចជាប្រើជាមធ្យោបាយ ដើម្បីបញ្ជូនសារនានាទៅកាន់ប្រជាពលរដ្ឋ៕