(ព្យុងយ៉ាង)៖ តាមការចេញផ្សាយដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលនៃប្រទេសនេះ បានចាត់ទុកប្រតិបត្តិការទប់ស្កាត់ ជំងឺរាតត្បាតសកល COVID-19 មិនឲ្យឆ្លងចូលមកកូរ៉េខាងជើងនោះជា «ជោគជ័យដ៏ត្រចះត្រចង់»។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
ការប្រកាសជោគជ័យខាងលើនេះ ធ្វើឡើងនៅចំពោះមុខកិច្ចប្រជុំរបស់ក្រុមការងារ នៃគណបក្សពលករកូរ៉ ដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង បន្ទាប់ពីបានបំពេញប្រតិបត្តិការទប់ស្កាត់ ការរាតត្បាតជំងឺ COVID-19 អស់រយៈពេល ០៦ខែកន្លងមកនេះ។ កូរ៉េខាងជើងកន្លងមកនេះ មិនបានរាយការណ៍ថា ខ្លួនរកឃើញករណីឆ្លង COVID-19 សូម្បីតែម្នាក់ឡើយ ប៉ុន្តែអាជ្ញាធរប្រទេសនេះ បានអះអាងថា មនុស្សរាប់ពាន់នាក់ត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) រហូតដល់រយៈពេល ៣០ថ្ងៃឯណោះ ដើម្បីឲ្យប្រាកដថា ពួកគេគ្មានជំងឺនេះ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន យ៉ាងដូច្នេះថា «យើងបានការពារយ៉ាងហ្មត់ចត់ ចំពោះការឆ្លងវីរុសសាហាវនេះ និងរក្សាកម្លាំងទប់ទល់នឹងការរាតត្បាតប្រកបដោយស្ថេរភាព ទោះបីជាវិបត្ដិសុខាភិបាលនេះ រីករាលដាលខ្លាំងនៅទូទាំងពិភពលោកក៏ដោយ»។ លោក គីម ជុងអ៊ុន ក៏បានក្រើនរំលឹកមន្ត្រីគ្រប់ជាន់ថ្នាក់របស់លោក ឲ្យបង្កើនការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ជាប់ជានិច្ចផងដែរ ព្រោះទាំងប្រទេសចិន រុស្ស៊ី និងកូរ៉េខាងត្បូង ដែលស្ថិតនៅជាប់ព្រំដែនរបស់ខ្លួន សុទ្ធតែមិនទាន់ឆ្លងផុត ពីជំងឺរាតត្បាតសកលនេះនៅឡើយទេ៕