(ភ្នំពេញ)៖ ការប្រើប្រព័ន្ធការពារ និងវាយបករបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) គឺជាចំណុចខ្លាំង ដែលលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានយកចិត្តទុកដាក់ មុនជំនួបដំបូងសម្រាប់ការត្រឡប់មកវិញនៃលីគកំពូលកម្ពុជានាថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។
លោក មាស ចាន់ណា បានបញ្ជាក់ថា មកទល់ពេលនេះណាហ្គាវើលដ៏ បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់ចុងសប្ដាហ៍នេះ តែត្រូវថា ក្រុមទាំងមូល ដំណើរការបានល្អកម្រិតណា លោកមិនទាន់ដឹងនោះទេ។ ចំណែកប៉ះក្រុមទ័ពថ្ងៃអាទិត្យនេះ ក៏មិនមែនជារឿងងាយស្រួលនោះទេ ដ្បិតឆ្នាំនេះពួកគេបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួត។
គ្រូបង្វឹកបានជួយណាហ្គាវើលដ៏ លើកពានលីគ ឆ្នាំ២០១៨ រូបនេះបន្ដថា «ខ្ញុំគិតថា រាងពិបាក ដោយសារការពារជាតិឥលូវ ជាទូទៅគាត់មានការពារ៥ បូកបម្រើការពារ២ មានន័យថា ការពារគាត់ខ្លាំងជាប្រយុទ្ធ។ នេះទី១ ហើយទី២ ក្រុមគាត់ចាំត្រៀមតែវាយបកទេ។ ចឹងអ្វីដែលយើងត្រូវប្រយ័ត្ន គឺប្រយ័ត្នការវាយបករបស់គាត់ ហើយនឹងព្យាយាមធ្វើយ៉ាងម៉េច ទម្លុះការពារ៥ និងបម្រើការពារ២ ឲ្យបាន»។
ទន្ទឹមជាមួយគ្នា លោកក៏ហាក់មិនទាន់មានអារម្មណ៍កក់ក្ដៅ ចំពោះប្រព័ន្ធការពាររបស់ខ្លួន សម្រាប់ការប្រកួតនេះដែរ បន្ទាប់ពីមានការកែតម្រូវ ក្រោយលោកបានមើលឃើញពីចំណុចខ្វះមួយចំនួនកាលពីដើមរដូវកាលកន្លងទៅ។ លោកថា «តាមការចង់បាន គឺមិនទាន់តាមការចង់បានទេ គ្រាន់តែល្អប្រសើរជាងមុន ជាពិសេសទម្លាប់របស់គាត់នៅតែមានបញ្ហា ព្រោះការពារខ្ញុំឆ្នាំនេះគឺ ៤នាក់ ថ្មីទាំង៤ ចឹងវាពិបាក»។
គួរដឹងថា ណាហ្គាវើលដ៏ នឹងត្រូវជួបអតីតក្រុមឈ្មោះក្រសួងការពារជាតិនាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានស្ដាតចាស់ ប៉ុន្ដែការប្រកួតនេះ ក៏មិនខុសពីប្រកួតផ្សេងៗដែរ ដោយត្រូវធ្វើឡើងបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋានឡើយ ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕