(ភ្នំពេញ)៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន (John Sanderson) អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) បានបង្ហាញពីការស្ញប់ស្ញែងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ពិសេសនៅរាជធានីភ្នំពេញ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាប់ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបនេះថា លោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន បានលើកឡើងថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍស្រស់បំព្រង ស្របគ្នាជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។ លោកបានបន្ថែមថា ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក តំបន់ ពិសេសប្រធានអាស៊ាន ទាំងនេះជាវឌ្ឍន៍ភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ចន សេនឌឺសុន បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកពិតជាមានក្ដីរំភើបជាអនេកដែលបានវិលត្រឡប់មកកម្ពុជាវិញ ជាប្រទេសដែលលោកមានអនុស្សាវរីយ៍ និងមិត្តភ័ក្រយ៉ាងច្រើន ស្របពេលជាមួយខួប៣០ឆ្នាំ នៃការស្វែងរកសន្ដិភាពនៅកម្ពុជា និងខួប៧០នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងអូស្ដ្រាលី។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក រដ្ឋាភិបាលអូស្ដ្រាលី ដែលបានចូលរួមចំណែកស្វែងរកសន្ដិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនពេលដែលកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិមុនគេ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ប្រទេសដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជា ទទួលបានឯករាជ្យ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោក អំពីចក្ខុវិស័យ និងយុទ្ធសាស្ដ្រដែលនាំឲ្យកម្ពុជាទទួលបានសន្ដិភាពពេញលេញ និងយុទ្ធសាស្ដ្រនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្ដ្រាលី ដែលដរាបរៀងមកតែងតែផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ៕