(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីបំណងរបស់សម្តេច ក្នុងការដកវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងប្រទេសកម្ពុជា ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅកន្លែងដែលមានបន្ទប់បិទជិតវិញ។
ទោះជាយ៉ាងនេះក្តី ការសម្រេចនេះ ត្រូវរង់ចាំកិច្ចប្រជុំមួយ ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលជាមុនសិន។
ថ្លែងនៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ច សង្គម។ ការពាក់ម៉ាស់គឺជាការតម្រូវឱ្យពលរដ្ឋយើងចំណាយយ៉ាងធំ ជួនកាលមិនហ៊ានទិញខោងាវឱ្យកូនចៅពាក់ទេ ប៉ុន្តែទុកលុយទិញម៉ាសឱ្យកូនចៅពាក់»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើក្នុង១ថ្ងៃ យើងចាយត្រឹមតែ១០ម៉ឺនដុល្លារ អញ្ចឹងក្នុង១ខែយើងចាយអស់៣លានដុល្លារ។
ការបង្ហាញពីការបន្ធូរបន្ថយវិធានការ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងនៅកម្ពុជា មានកម្រិតទាបបំផុត បន្ទាប់ពីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលអាកខានរយៈពេល២ថ្ងៃ កន្លងទៅនេះ ដោយពលរដ្ឋលេងកម្សាន្តដោយមិនមានការពាក់ម៉ាស់ និងរក្សាគម្លាតនោះទេ។ ករណីនេះបានកើតឡើងដោយសារភាពស៊ាំក្នុងសហគមន៍ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ប្រទេសមួយចំនួន បានដកចេញនូវកាតព្វកិច្ចពាក់ម៉ាសរួចទៅហើយ យើងក៏អាចធ្វើបាន ប៉ុន្តែខ្ញុំត្រូវរង់ចាំនូវការប្រជុំល្ងាចនេះ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង»។ សម្តេចបន្តថា «តើយើងគួរធ្វើយ៉ាងម៉េច បន្ថែមភូមិសាស្រ្ត (លើកលែងការពាក់ម៉ាស់) ហើយការថែមភូមិសាស្ត្រនេះជាគំនិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែទទួលយកនូវគំនិតដែលនឹងចេញពីការប្រជុំនៅល្ងាចនេះ»។
សម្តេចបានបន្ថែមថា «អ្វីដែលជាគំនិតរបស់ខ្ញុំ គឺគ្រប់ភូមិសាស្រ្តទុកឱ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ក្នុងពេលដែលនៅក្រៅអគារ នៅទីកន្លែងសាធារណៈ ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ ប៉ុន្តែនៅពេលនៅកន្លែងបិទជិតដូចជានៅអគារដ្ឋាភិបាល នៅទីកន្លែងធ្វើការ តាមក្រុមហ៊ុនដែលមានម៉ាស៊ីនត្រជាក់ យើងគួរតម្រូវឱ្យមានការពាក់ម៉ាស់»។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានពេលនេះ គឺជំរុញការចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ច ដែលកូនសិស្សសាលាក៏អាចដកម៉ាស់ ប៉ុន្តែបន្តរក្សាគម្លាត ដែលការធ្វើដូច្នេះ នឹងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ ទោះជាយ៉ាងនេះក្តីសម្តេចបញ្ជាក់ថា ការពាក់ម៉ាសនឹងវិលត្រឡប់មកវិញ បើមានករណីឆ្លងកើនឡើងវិញ៕