ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារប្រព័ន្ធអនឡាញជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព នៅថ្ងៃទី២២ខែមេសានេះ នាយឧត្តមសេនីយ៍ Birame Diop ទីប្រឹក្សាយោធាលេខាធិការដ្ឋានអង្គការសហប្រជាជាតិ បានស្នើកម្ពុជាពន្លឿនការរៀបចំបញ្ជូនកងកម្ទេចគ្រឿងផ្ទុះ១កងថ្មី សរុបជាង ១០០នាក់បន្ថែម ដើម្បីចល័តការងារកម្ទេចគ្រឿងនៅសាធារណៈរដ្ឋអាហ្វឹ្រកកណ្តាល។
នាយឧត្តមសេនីយ៍ Birame Diop ថ្លែងថា នៅពេលបច្ចុប្បន្ន ការប្រើប្រាស់ឧបករណ៍កែច្នៃ (IEDs) ដើម្បីបំផ្ទុះធ្វើភេវរកម្មបាននិងកំពុងកើតមានឡើងច្រើនគួរអោយកត់សម្គាល់ និងផ្តល់ហានិភ័យខ្ពស់ ជាពិសេសនៅសាធារណរដ្ឋអាហ្វ្រិកណ្តាល និងនៅប្រទេសម៉ាលីផងដែរ ។
នាយឧត្តមសេនីយ៍ Birame Diop បញ្ជាក់ថា ដូចពេលថ្មីៗនេះជាដើម ករណីបំផ្ទុះគ្រាប់មីន និងគ្រឿងផ្ទុះកែច្នៃ IEDs កើតមានរហូតដល់៦៦ ករណី បង្ករបួស ឆក់យកអាយុជីវិតកម្លាំងរក្សាសន្តិភាព និងប្រជាពលរដ្ឋអាហ្វ្រិកកណ្តាល ហើយដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់សុវត្ថិភាពដល់កម្លាំងរក្សាសន្តិភាព និងប្រជាជន នាយឧត្តមសេនីយ៍ Birame Diop ក៏បានស្នើយ៉ាងទទូចអោយកម្ពុជា ពន្លឿនក្នុងការចល័តកម្លាំងជំនាញរបស់កម្ពុជាទៅកាន់តំបន់បេសកកម្មអោយបានឆាប់រហ័ស ។
ចំពោះការស្នើកម្ពុជាពន្លឿនការចល័តទ័ពមួកខៀវកម្ទេចគ្រឿងផ្ទុះបន្ថែមទៅសាធារណរដ្ឋអាហ្វឹ្រកកណ្តាល បានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះក្រុមមន្ត្រីរបស់អង្គការសហប្រជាជាតិប្រចាំនៅទីស្នាក់ការកណ្តាល នាទីក្រុងញូយ៉ក ១ក្រុម បានចុះមកធ្វើការត្រួតពិនិត្យ និងវាយតម្លៃការរៀបចំមធ្យោបាយសំភារៈគ្រឿងបំពាក់កងកម្ទេចគ្រឿងផ្ទុះ និងវាយតម្លៃសមត្ថភាពកងកម្ទេចគ្រឿងផ្ទុះកម្ពុជា១កងថ្មីចំនួនជាង១០០នាក់ ដើម្បីស្នើបញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាព UNនៅរដ្ឋធានីប៊ែងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅពេលឆាប់នេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងនាមជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា កម្ពុជា បានបញ្ជូនទ័ពមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាពUN នៅតំបន់BRIA សាធារណៈរដ្ឋអាហ្វ្រឹកកណ្តាលលើកដំបូងនៅឆ្នាំ២០១៥ មកដល់ឆ្នាំ២០២២ គឺកម្ពុជា បានបញ្ជូនទ័ពមួកខៀវប្តូរវេនប្រចាំឆ្នាំ១ឆ្នាំម្តងចំនួនជាង២០០នាក់ បានចំនួន៨លើក។ ដោយឡែកការបញ្ជូនប្តូរវេនលើកទី៨ក្នុងឆ្នាំ២០២២នេះ ភាគីUN បានស្នើកម្ពុជា បន្ថែមកងកម្លាំងចំនួន១៥នាក់បន្ថែមទៀត ដើម្បីពង្រឹកបេសកកម្មដូចជា សាងសង់សំណង់ផ្តេក សាងសង់សំណង់បញ្ឈរ ដោះមីន កម្ទេចគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជីកអណ្តូងទឹក ជួយជនស៊ីវិលផ្នែកមនុស្សធម៌ និងការពារជនស៊ីវិល នៅតំបន់មានជម្លោះសង្គ្រាមនៅតំបន់ BRIAជាដើម៕