(ជប៉ុន)៖ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានបង្ហាញនូវក្តីរីករាយជាខ្លាំងចំពោះចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងឡាវ និងកម្ពុជា ដែលជាអ្នកជិតខាងល្អ និងបងប្អូនល្អ។ ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើរថែមទៀតនោះ លោកនាយករដ្ឋមន្ត្រី បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវ ក្នុងពេលវេលាសមគួរណាមួយ។
ការគោរពអញ្ជើញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផនខាំ វីផាវ៉ាន់ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុន។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា នៅក្នុងជំនួបទ្វេភាគីនេះ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះភាពល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើបំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវ។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅកាន់នាយករដ្ឋមន្ត្រី ឱ្យត្រៀមឯកសារមេសំខាន់ៗ ដើម្បីជជែកគ្នាលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ នៅពេលសម្តេចទស្សនកិច្ចនៅឡាវ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការពេញចិត្តផងដែរ ចំពោះការអញ្ជើញលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកកងទ័ពរវាងប្រទេសទាំងពីរ។
បើតាមលោកបណ្ឌិត កៅ គឹមហួន នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានជម្រាបជូនសម្តេចតេជោផងដែរថា រូបលោកមានគម្រោងទស្សនកិច្ចនៅតាមខេត្តជាប់ព្រំដែនប្រទេសកម្ពុជា មានដូចជាខេត្តចំប៉ាសាក់។ ដំណើរទស្សនកិច្ចធ្វើឡើង ក្នុងបំណងពង្រឹងទំនាក់ទំនងរវាងខេត្តទាំងនោះ ជាមួយខេត្តរបស់កម្ពុជា ដែលជាប់ព្រំដែនគ្នា។ លោកនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ទៀតថា ពេលទស្សនកិច្ចនៅក្នុងខេត្តទាំងនោះ លោកនឹងជម្រាបពីគោលនយោបាយ និងជំហររវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
ដើម្បីពង្រឹងទំនាក់ទំនងតាមព្រំដែននេះ លោកនាយករដ្ឋមន្ត្រីឡាវ ចង់ឱ្យមានការសាងសង់ស្ពានតភ្ជាប់ខេត្តជាប់ព្រំដែនប្រទេសទាំងពីរផងដែរ។ បញ្ហានេះសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជារឿងល្អ តែរង់ចាំឱ្យការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីររួចរាល់សិន។
នៅក្នុងជំនួបនេះលោកនាយករដ្ឋមន្ត្រីឡាវ ក៏បានឆ្លៀតគោរពថ្លែងអំណរគុណជាថ្មីចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តដឹកវ៉ាក់សាំង និងថវិកា។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួយទាំងនេះ គឺជាជំនួយចំពេលឡាវជួបការលំបាកបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រីឡាវ បានគូសបញ្ជាក់ថា ទាំងរដ្ឋាភិបាល និងប្រជាជនឡាវ រីករាយ និងដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយនេះ។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ប្រជាជនឡាវ បានមើលឃើញនូវសណ្តានចិត្ត និងសមានចិត្តដ៏ធំធេងរបស់សម្តេចតេជោ និងប្រជាជនកម្ពុជា ចំពោះប្រជាជនឡាវ។
លោកបណ្ឌិត កៅ គឹមហួន បានឱ្យដឹងផងដែរថា ក្រៅតែពីបញ្ហាទ្វេភាគីនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។ សម្រាប់បញ្ហាតំបន់លោកនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជា ពេញទំហឹងក្នុងការធ្វើជាប្រធានអាស៊ាន។ លោកនាយករដ្ឋមន្ត្រី បានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការដោះស្រាយបញ្ហានានារបស់អាស៊ាន៕