(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាពហើយ។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព នៅវេលាម៉ោង ១៤៖១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនិងម៉ោង ១២៖១៥ ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា។
នៅអាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេសជប៉ុន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា, លោក ទុយ រី ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសជប៉ុន, លោក អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាលក្រុងគូម៉ាម៉ូតូ, លោកអនុរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន ខេត្តគូម៉ាម៉ូតូ និងឥស្សរជនការទូតរបស់កម្ពុជាប្រចាំប្រទេសជប៉ុន។
ដោយឡែកនៅសណ្ឋាគារ Kumamoto Castle វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ជាង១០០នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសប្បាយរីករាយដោយបានជួបដោយផ្ទាល់ ជាមួយបងប្អូនកូនក្មួយចៅៗ ជាសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរ ដែលកំពុងសិក្សា ធ្វើការ និងស្នាក់នៅប្រទេសជប៉ុន ដែលនេះបង្ហាញឲ្យឃើញពីការគោរពស្រឡាញ់ រវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្លួន ដែលកំពុងឃ្លាតឆ្ងាយពីមាតុ ប្រទេស ទៅបំពេញការសិក្សា រកស៊ីទទួលទាន ស្នាក់នៅប្រទេសជប៉ុន។
តាមតួលេខបញ្ជាក់ដោយក្រសួងការបរទេស បានឲ្យដឹងថា នៅកម្ពុជាមានជនជាតិជប៉ុនស្នាក់នៅប្រទេសកម្ពុជា មានចំនួន ៤,២១៦នាក់ គិតត្រឹមខែមករា ឆ្នាំ២០២១ ដោយឡែកសិស្ស និស្សិត កម្ពុជាសិក្សាអាហារូបករណ៍បង់ថ្លៃ នៅប្រទេសជប៉ុនចំនួន ៦៩៣នាក់ និងមានពលរដ្ឋកម្ពុជារស់នៅ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសជប៉ុន មានចំនួន ៥,២០៣នាក់ គិតត្រឹមខែមិថុនាឆ្នាំ២០២០។
តាមកម្មវិធីដែលបានគ្រោងទុកសម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែមេសា ជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។
ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគីជាមួយសមភាគីជប៉ុន លោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធន ធានទឹក និងឧតុនិយមកម្ពុជា ជាមួយលោក សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។
ជាមួយគ្នានេះ សម្តេចតេជោ និងជួបសន្ទនាការងារទ្វេភាគីជាមួយ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបសន្ទានជាមួយអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗ របស់ប្រទេសជប៉ុនផងដែរ៕