(រ៉ង់ហ្គូន)៖ ហេតុការណ៍គ្រោះរអិលបាក់ដី ដែលបង្កឡើងដោយទឹកភ្លៀងនៅរដ្ឋកាឈិន (Kachin) នៃប្រទេសមីយ៉ាន់ម៉ាបានផ្តាច់ជីវិតមនុស្ស ៩៦នាក់ ខណៈពេលដែលមនុស្សជាច្រើនទៀតត្រូវបានគេសង្ស័យថា កំពុងជាប់ខ្លួននៅក្រោមបំណាក់ដីនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយ ដោយនាយកដ្ឋានពន្លត់អគ្គីភ័យ របស់ប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា «គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់ (Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស កាលពីវេលាម៉ោង ៨៖០០នាទីព្រឹក»។
អាជ្ញាធរប៉ូលីសមូលដ្ឋានបានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរថា មានកម្មករជីករ៉ែរាប់រយនាក់ត្រូវបានគេសង្ស័យថា ត្រូវបានកប់នៅក្នុងដី ខណៈពេលដែលគ្រោះបាក់ដីមួយនេះ វាបានកើតឡើងក្នុងម៉ោងធ្វើការរបស់ពួកគេ។ ទោះជាយ៉ាងណា ចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដ នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ខណៈដែលការងារប្រតិបត្តិការជួយសង្គ្រោះ គឺកំពុងតែដំណើរការនៅឡើយ។
គួរជម្រាបថា គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗ នៅតាមទីតាំងរុករករ៉ែនៅ តំបន់សម្បូរធនធានត្បូងហាផាខាន់ (Hpakant) នៃរដ្ឋកាឈីន (Kachin)។ ជាក់ស្តែងកាលពីឆ្នាំ២០១៥ កន្លងទៅនេះ គ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីនោះដែរ ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ១១៦នាក់៕