ភ្នំពេញ៖ សង្រ្កាន្តវត្តភ្នំគិតត្រឹមថ្ងៃទី១៣ ខែមេសាឆ្នាំ ២០២២នេះ បានរៀបចំកាន់តែស្រស់ស្អាត ដោយមានទាំងស្តង់ពិព័រណ៍ ស្តង់លក់ចំណីអាហារ និងការតុបតែងជាច្រើនទៀត ដើម្បីត្រៀមផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំ។
ភូមិសាស្រ្តរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តដទៃទៀត បានរៀបចំនូវកម្មវិធីសង្រ្កាន្ត ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ជាក់ស្ដែងសម្រាប់រាជធានីភ្នំពេញគឺរៀបចំកម្មវិធីសង្រ្កាន្តនៅទីតាំងវត្តភ្នំ ដោយមានការតុបតែង ស្តង់ពិព័រណ៍ ស្តង់លក់ចំណីអាហារ ល្បែងប្រជាប្រិយគ្រប់ប្រភេទ និងការរាំកម្សាន្តផងដែរ។ នេះជាការលើកឡើងរបស់លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ខណៈចុះមកបញ្ចប់ការងាររៀបចំនត្រឹមថ្ងៃនេះ។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលស្នាក់នៅរាជធានីភ្នំពេញ អញ្ជើញមកកំសាន្តក្នុងឱកាសចូលឆ្នាំខ្មែរ។
ចំពោះស្តង់ពិព័រណ៍ ដែលរៀបចំក្នុងឱកាស ៣ថ្ងៃនេះ គឺបែងចែកជា ៣តំន់ផ្សេងគ្នា ដោយមានតំបន់ដាក់តាំងបង្ហាញផលិតផលខ្មែរ តំបន់ដាក់តាំងបង្ហាញស្នាដៃរបស់ការិយាល័យជំនាញ នៃមន្ទីរវប្បធម៌ ក៏ដូចជាស្តង់លក់ចំណីអាហាររបស់ប្រជាពលរដ្ឋផងដែរ។
សម្រាប់ស្តង់នៃការិយាល័យជំនាញរបស់មន្ទីរវប្បធម៌ រាជធានីភ្នំពេញ ក៏បានត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពី កិច្ចការនិងស្នាដៃ និងសម្បត្តិវប្បធម៌របស់ខ្មែរផងដែរ។
ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ ជាការរៀបចំលើកដំបូងរបស់កម្ពុជា ក្រោយមានវត្តមានវត្តមានកូវីដ។ តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំ កម្មវិធីសង្រ្កាន្តនិងតុបតែងយ៉ាងស្រស់ស្អាត ដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។ ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ក៏ស្របពេលដែលកម្ពុជា មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ២ខ្ទង់ប្រចាំថ្ងៃ និងស្របពេលដែលកម្ពុជាសម្រេចជោគជ័យធំធេងលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕