(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ។ ខេត្តទាំង៤នោះរួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។ បើទោះបីជាយ៉ាងណា ក៏រាជរដ្ឋាភិបាល ទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់។
ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់ជាមួយថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ។ សម្តេចតេជោ បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលចូលទៅក្នុងខេត្តនេះ ក៏មិនតម្រូវឱ្យអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាសនោះដែរ តែការសម្រេចពាក់ ឬមិនពាក់អាស្រ័យលើខ្លួនឯង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «បងប្អូននៅក្នុងខេត្តទាំង៤នោះ ជ្រើសរើសដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស? បងប្អូនដែលទៅពីក្រៅ ទៅទស្សនកិច្ចនៅក្នុងខេត្តទាំង៤នោះ ជ្រើសរើសដោយខ្លួនឯងពាក់ម៉ាស ឬមិនពាក់ម៉ាស? គឺទុកសិទ្ធិសម្រេចឱ្យបុគ្គល ជាអ្នកសម្រេច។ ប៉ុន្តែក្រោយចាកចេញពីខេត្តទាំង៤នេះ គឺត្រូវតែពាក់ម៉ាសជាកាតព្វកិច្ច ដោយស្ថិតនៅក្នុងវិធានការសុខាភិបាល ៣កុំ និង៣ការពារ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការសម្រេចនេះ គឺជាការសាកល្បងភាពធន និងភាពសុាំក្នុងសហគមន៍ ដែលកម្ពុជាបានអនុវត្តន៍ដ៏ជោគជ័យក្នុងរយៈពេលកន្លងទៅ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «យើងសាកល្បងនេះ មិនមែនយកជីវិតប្រជាពលរដ្ឋទៅសាកល្បងទេ ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន ភាពសុាំសហគមន៍របស់យើងទាំងទីក្រុង និងជនបទ។ ខេត្តដែលយើងដាក់ឱ្យអនុវត្តន៍នេះ ជាខេត្តដែលគ្មានការឆ្លង ហើយបើមាន គឺមានតិចតួចក្នុងរយៈកាលកន្លងមកនេះ»។
បើទោះបីជាមានការសម្រេចមិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តទាំង៤នោះយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នៅតែបន្តណែនាំឱ្យប្រជាពលរដ្ឋ ដែលចាកចេញពីខេត្តទាំង៤នោះ ត្រូ វតែអនុវត្តន៍ខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស។ ការអនុវត្តន៍បែបនេះ លទ្ធភាពនៃការនាំមេរោគចេញពីខេត្តទាំង៤នេះ ចូលទៅកាន់ខេត្តផ្សេង គឺមានកម្រិតតិចតួច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីណែនាំនេះ ចាប់ផ្តើមអនុវត្តន៍ពីពេលនេះតទៅ។ សម្តេចតេជោ បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រៀបចំធ្វើសេចក្តីណែនាំ និងវិធានការបន្ថែមលើសេចក្តីសម្រេចថ្មីនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរក្នុងខេត្តទាំង៤ យកចិត្តទុកដាក់លើការងារនេះ ហើយក៏ត្រូវត្រៀមលក្ខណៈសម្បត្តិធ្វើតេស្តរហ័សក្នុងករណីចាំបាច់ណាមួយ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំង៤ ប្រញាប់ធ្វើតេស្តរហ័សក្នុងករណីសង្ស័យលើសុខភាពរបស់ខ្លួន៕