ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបន្តថា អ្វីដែលសំខាន់បំផុតសម្រាប់យុវជនបក្ស ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។ យុវភាពជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។
ឯកឧត្តមបញ្ជាក់ថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាព, ស្ថិរភាព និងការទទួលបានឱកាស។
ទន្ទឹមនឹងនោះឯកឧត្តមក៏បានលើកឡើងពីកត្តាសន្តិភាពពេញលេញ ដែលទទួលបានក្រោមជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាននៃការសម្រេចបាននូវសមិទ្ធផលជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, រដ្ឋបាលសាធារណៈ, សង្គម, សេដ្ឋកិច្ច, ការទូត ។ល។ សន្តិភាពផ្លូវកាយ ក៏បានចូលរួមចំណែកផងដែរនូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និងការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ។សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។ ដូច្នេះ ជាមួយនឹងអំណោយផលនៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខរបស់ប្រទេសយើងមានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕