(ប៉េកាំង)៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្ត នៅរដ្ឋធានីប៉េកាំង និងគូសបញ្ជាក់ថា តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី ១៨ មក ខ្ញុំបានចូលរួមដាំដើមឈើដោយស្ម័គ្រចិត្តនៅរដ្ឋធានី ជាមួយប្រជាពលរដ្ឋនៅទីនេះរយៈពេល ១០ឆ្នាំជាប់ៗគ្នា នេះមិនត្រឹមតែជាការរួមចំណែក ក្នុងការកសាងប្រទេសចិនដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជាការអំពាវនាវឱ្យអ្នកទាំងអស់គ្នា ក្លាយជាអ្នកអនុវត្តនិងអ្នកជំរុញ ក្នុងការកសាងអរិយធម៌អេកូឡូស៊ីផងដែរ ដើម្បីធ្វើឱ្យមាតុប្រទេសរបស់យើងមានមេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកកាន់តែថ្លានិងបរិស្ថានអេកូឡូស៊ីកាន់តែល្អប្រសើរ។
លោក Xi Jinping បានគូសបញ្ជាក់ថា ជានិច្ចកាលការសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិចិន តែងតែជាគោលដៅខិតខំប្រឹងប្រែង មិនចេះនឿយហត់របស់យើង។ ចាប់តាំងពីការបង្កើតប្រទេសចិនថ្មីមក បក្សកម្មុយនិស្តចិនបានបង្រួបបង្រួម និងដឹកនាំប្រជាជនគ្រប់ជនជាតិ ក្នុងប្រទេសដាំដើមឈើដើម្បីលម្អមាតុប្រទេស បង្កើតបានជាអច្ឆរិយអេកូឡូស៊ី ដែលធ្វើឱ្យពិភពលោកទាំងមូលកត់សម្គាល់។ តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី ១៨មក យើងបានបង្កើនដោយគ្រប់ជ្រុងជ្រោយ នូវកិច្ចកសាងអរិយធម៌អេកូឡូស៊ី ប្រទេសចិនដ៏ស្រស់ស្អាត កំពុងក្លាយជាការពិតជាបណ្តើរៗ។ ព្រៃឈើគឺជាអាងស្តុកទឹក ជាឃ្លាំងប្រាក់និងឃ្លាំងស្បៀង បច្ចុប្បន្ននេះ ត្រូវបន្ថែមពាក្យ «ឃ្លាំងកាបូន» មួយទៀត។ យើងត្រូវអនុវត្តគំនិតអភិវឌ្ឍន៍ថ្មីយ៉ាងមុតមាំមិនងាករេ ដើរតាមផ្លូវតម្កល់ទុកអេកូឡូស៊ី ជាអាទិភាពនិងការអភិវឌ្ឍបៃតងយ៉ាងមុតមាំមិនងាករេ ដើម្បីចូលរួមចំណែកកាន់តែច្រើន ក្នុងការជំរុញអភិបាលកិច្ចបរិស្ថាននិងអាកាសធាតុសកល និងការធ្វើទំនើបកម្មការរួមរស់ ប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ៕