(ភ្នំពេញ)៖ កម្ពុជា-ប៉ាគីស្ថានបានឈានដល់ការឯកភាពគ្នារៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដ៏សំខាន់មួយនេះ និងជំរុញចលនាទេសចរទៅវិញទៅមក ខណៈប្រទេសទាំងពីរសុទ្ធតែមានសក្ដានុពលលើវិស័យទេសចរណ៍ដូចគ្នា។
ការព្រមព្រៀងគ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបសវនការរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហ្សាហៀរូដឌីន បាបារ ថាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ លោក ហ្សាហៀរូដឌីន បានកោតសរសើរពីនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ពង្រឹងភាពស៉ាំក្នុងសហគមន៍ រហូតឈានដល់ការបើកសេដ្ឋកិច្ច-សង្គម និងបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ។
លោកបានកត់សម្គាល់អំពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ដែលមានភាពទាក់ទាញយ៉ាងច្រើនសម្បូរបែប មានដូចជាសៀមរាប-អង្គរ តំបន់ឆ្នេរ តំបន់អេកូទេសចរណ៍។
លោក ហ្សាហៀរូដឌីន បានប្ដេជ្ញាចិត្តថា ក្នុងអាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតប៉ាគីស្ថាននៅកម្ពុជានេះ លោកនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថានលើវិស័យទេសចរណ៍ឱ្យកាន់រឹងមាំ និងរីកចម្រើនបន្ថែមទៀត ដោយហេតុថាកម្ពុជានិងប៉ាគីស្ថានសុទ្ធមានសក្ដានុពលលើវិស័យទេសចរណ៍ដូចគ្នា។
ឆ្លើយតបនឹងលើកឡើងរបស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនថា ដើម្បីឱ្យការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍អាចប្រព្រឹត្តទៅបានរឹងមាំ កម្ពុជាមានបំណងរៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយប៉ាគីស្ថានឱ្យបានឆាប់រហ័សនាពេលខាងមុខ ហើយនៅពេលរៀបចំហើយ ភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនេះជាមួយគ្នា។
លោករដ្ឋមន្ត្រីបានបន្តថា ក្រោមឆ័ត្រនៃអនុស្សរណៈនេះ ប្រទេសទាំងនឹងបង្កើតឱ្យមានទស្សនកិច្ចទេសចរណ៍រវាងគ្នានិងគ្នា ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញចលនាទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនឈានឡើង។
លោករដ្ឋមន្ត្រីក៏បានបន្ថែមថា បច្ចុប្បន្ន កម្ពុជា-ប៉ាគីស្ថានមិនទាន់មានជើងហោះហើរត្រង់ជាមួយគ្នានៅឡើយទេ ដូច្នេះកិច្ចការសំខាន់គឺការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ព្រោះប្រសិនបើចង់ឱ្យមានកំណើនទេសចរ ចាំបាច់ត្រូវមានការតភ្ជាប់ការធ្វើដំណើរជាមុនសិន។
ភាគីទាំងពីរក៏បានលើកឡើងអំពីការជំរុញឱ្យអ្នកវិនិយោគប៉ាគីស្ថានឱ្យមកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឥស្លាមមកពីប្រទេសប៉ាគីស្ថាន និងប្រទេសដទៃទៀតផងដែរ៕