(ភ្នំពេញ)៖ ខណៈដែលកម្មវិធីកម្សាន្តនៅតាមបណ្ដាខេត្តនានាកំពុងត្រូវបានរៀបចំសម្រាប់អបអរបុណ្យឆ្នាំចូលឆ្នាំថ្មីនោះ ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ក៏នឹងត្រូវប្រារព្ធឡើងផងដែរនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ខាងមុខ ទោះបីមិនមានព្រឹត្តិការណ៍សង្ក្រាន្តដូចនៅបណ្ដាឆ្នាំកន្លងទៅនោះក៏ដោយ។
ការរៀបចំកម្មវិធីពិព័រណ៍នេះគឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរ និងផលិតផលទេសចរណ៍ផង និងដើម្បីបង្ហាញនូវមុខមាត់របស់ពហុកីឡាដ្ឋានជាតិដ៏ធំមួយនេះផងដែរ ដែលមិនត្រឹមត្រូវតែសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាធំៗប៉ុណ្ណោះទេ តែក៏ជាទីតាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ វប្បធម៌ ទេសចរណ៍ ក៏ដូចជាកម្មវិធីកម្សាន្តនានាផងដែរ។
កម្មវិធីនានានៅក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះ រួមមាន ការតាំងពិព័រណ៍ផលិតផល កម្មវិធីសម្ដែងរបាំប្រពៃណី កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរចម្រុះ កម្មវិធីចម្រៀងនិងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងកម្មវិធីសម្ដែងសិល្បៈគុនខ្មែរ កម្មវិធីប្រឡងក្រុម Tik Tok និងកម្មវិធីប្រឡងចម្រៀង ការសម្ដែងរបាំឆៃយ៉ាំ និងរបាំគ្រុឌ កម្មវិធីប្រឡងបវរកញ្ញាមជ្ឈិមសម័យជាដើម ដែលនឹងប្រព្រឹត្តទៅតាមពេលវេលា និងម៉ោងផ្សេងៗគ្នាពេញក្នុងរយៈពេល៥ថ្ងៃ។
កម្មវិធីពិព័រណ៍នេះដែរគឺរៀបចំដោយក្រុមហ៊ុនដៃគូ KHBN ដោយមានកិច្ចសហការជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ខណៈកម្មវិធីបើកជាផ្លូវការនឹងធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ថ្លែងប្រាប់បណ្ដាញព័ត៌មាននាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការសារទរនិងគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីកម្សាន្តពហុកីឡដ្ឋានជាតិមរតកតេជោខាងលើនេះ។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះនឹងក្លាយជាផលិតផលទេសចរណ៍មួយដ៏សំខាន់ក្នុងការផ្ដល់ជូនការកម្សាន្តរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងមកពីខេត្តនានា»។
លោក ថោង ខុន បានបញ្ជាក់ដែរថា ទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាទីតាំងដ៏សក្តិសមបំផុតមួយសម្រាប់រៀបចំព្រឹត្តិការណ៍នានា ដោយនៅទីនោះមានទាំងវិមានឈ្នះ-ឈ្នះ និងសួនសត្វសាហ្វឺរី ដែលសុទ្ធតែជាផលិតផលទេសចរណ៍ទាក់ទាញយ៉ាងសំខាន់។
លោករដ្ឋមន្ត្រី ថោង ខុន ព្រមទាំងតំណាងក្រុមហ៊ុនដៃគូរៀបចំព្រឹត្តិការណ៍ KHBN ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅ សូមអញ្ជើញចូលរួមកម្សាន្តក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះឱ្យបានច្រើនកោះករ។
បើតាមលោក ថោង ខុន ក្រៅពីពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញនេះ នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងនៅខេត្តឬក្រុងផ្សេងទៀតក៏មានការរៀបចំសង្ក្រាន្ត ឬកម្មវិធីកម្សាន្តផ្សេងៗផងដែរ ពោលគឺធ្វើទៅតាមលទ្ធភាពរបស់អាជ្ញាធររៀងៗខ្លួន៕