(ភ្នំពេញ)៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានរម្លឹកដល់អ្នកសារព័ត៌មាន និងអង្គភាពព័ត៌មាននានា ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងត្រូវផលិតមាតិកា សម្រាប់បម្រើប្រយោជន៍សាធារណៈ។
ការរម្លឹករបស់ មន្ត្រីជាន់ក្រសួងព័ត៌មានរូបនេះ បានធ្វើលើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីតំណាងលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ» ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាអ្នកសារព័ត៌មាននៃបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួមមាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និងវៀតណាមផងដែរ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមរម្លឹកអ្នកសារព័ត៌មាន និងអង្គភាព សារព័ត៌មាន ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងគុណភាព ព័ត៌មាន និងត្រូវផលិតមាតិកា ដែលគួរឱ្យទាក់ទាញ មានភាពពាក់ព័ន្ធ ការពិតសម្រាប់បម្រើប្រយោជន៍សាធារណៈ។ លើសពីនេះ វាជាការសំខាន់សម្រាប់ស្ថាប័នព័ត៌មាន ក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត។ យើងត្រូវការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលរឹងមាំ និងអាចទុកចិត្តបានដែលផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ បច្ចុប្បន្ន និង និន្នាការនៃថ្ងៃអនាគត»។
ជាមួយគ្នានេះដែរ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួយ៉ាងលេចធ្លោក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវតាមវិជ្ជាជីវៈ ក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ និងជួយផ្សព្វផ្សាយពីសេចក្ដីណែនាំសុខាភិបាល វិធានការបង្ការ និងការពារដល់សាធារណជនបានទាន់ពេលវេលា ខណៈមានការកើនឡើងនៃដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត។
ឯកឧត្តមបានបន្តថា ការជួបជុំអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានតាមបណ្តាប្រទេសសមាជិក LMC នាថ្ងៃនេះ គឺជាការចាប់ផ្តើមមួយដ៏ល្អ ដើម្បីពង្រឹងចំណេះដឹង និងវិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន LMC ហើយជាវេទិកាសម្រាប់អ្នកសារព័ត៌មានរៀនសូត្រពីគា្ន ពិភាក្សាគ្នាបង្កើតបណ្តាញ (networking) និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីតួនាទីរបស់យើងជាអ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែកពង្រឹងនូវកិច្ចសហប្រតិបត្តិការ LMC លើកកម្ពស់សន្តិភាព វិបុលសុខ និងការ អភិវឌ្ឍន៍នូវសេដ្ឋកិច្ច។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីក្លាយជាអ្នកសារព័ត៌មាន ដែលអាចចូលរួមចំណែកក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះ អ្នកសារព័ត៌មាន ត្រូវមានសមត្ថភាពក្នុងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងត្រូវធ្វើកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មានឈានឆ្ពោះទៅរកការបង្កើតនូវក្លឹបអ្នកសារព័ត៌មាន ឡានឆាង-មេគង្គ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានឱ្យដឹងថា កន្លងមក កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមប្រទេសសមាជិក LMC មានលក្ខណៈទ្វេភាគី និងនៅមានកម្រិតមិនទាន់មានថ្នាល (Platform) ដែលអ្នកសារព័ត៌មានទាំង ៦ប្រទេសធ្វើការជាមួយគ្នាចែករំលែកនូវព័ត៌មាន និងបទពិសោធន៍ការងារនោះទេ។ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន អាចពង្រឹងគុណភាព និងភាពសំបូរបែបនៃព័ត៌មាន ប្រសិទ្ធភាពការងារ និងចំណេញពេលវេលា។
ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលនេះ បានផ្ដោតលើសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការចំនួន៣ គឺទី១៖ បញ្ហានយោបាយ និងសន្តិសុខ ទី២៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនិរន្តរភាព និង៣៖ សង្គម វប្បធម៌ និងការផ្លាស់ប្ដូរប្រជាជនទៅប្រជាជន ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅតាមតំបន់ព្រំដែន នៃប្រទេសតាមដងទន្លេឡានឆាង-មេគង្គ។
ឯកឧត្តមបានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹងរបស់សាធារណជន ចំពោះកិច្ចសហប្រតិបត្តិការ LMC និងជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការចែករំលែកនូវព័ត៌មាន (Information Sharing) ពីសេដ្ឋកិច្ចនយោបាយ សង្គម និងវប្បធម៌ នៃប្រទេសជាសមាជិក។ តម្លៃ និងសារៈសំខាន់ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានត្រូវបានមើលឃើញរឹតតែច្បាស់នៅពេលប្រទេសជាតិជួបប្រទះនូវបញ្ហាអសន្តិសុខ សង្គ្រាម ឬវិបត្តិសុខភាព សាធារណៈដូចជាជំងឺកូវីដ១៩ ជាដើម។
ឯកឧត្តមក៏បានរម្លឹកជូនជាគតិជូនដល់វគ្គបណ្តុះបណ្តាលពិចារណា៖ «ការសិក្សារៀនសូត្រ គឺគ្មានទីបញ្ចប់នោះឡើយ ការសិក្សាអស់មួយជីវិត ជាត្រីវិស័យចង្អុលបង្ហាញប្រាប់ថា ដើម្បីមានចំណេះដឹង ចំណេះធ្វើ ចំណេះក្នុងការគិត គឺមានតែការសិក្សារៀនសូត្រមួយគត់ដែលនឹងនាំយើងទៅកាន់ទីតាំងមួយដែលសង្គមជាតិត្រូវការ និងផ្តល់តម្លៃ»៕