ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសោតទស្សន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាម ២៨៧នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសោតទស្សន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពចូលរួមបិទវគ្គបណ្ដុះបណ្ដាលស្ដីពី”សេចក្ដីរាយការណ៍ និងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ” នៅអាគារសន្និបាតផ្សារខេស៊ី ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក ហោ គន្ធា ប្រធានស្ថាបនិក នៃសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានរាយការណ៍ថា សិក្ខាកាមដែលបានចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលដែលមានរយៈ ០៣ ថ្ងៃកន្លងមក មានសរុបចំនួន ២៨៧នាក់ មកពីបណ្ដាលខេត្ដផ្សេងៗ ក្នុងនោះស្រីចំនួន ៤៧នាក់ ប្រុស ចំនួន ២៤០នាក់។ អ្នកសារព័ត៌មានចំនួន ២៥០នាក់ និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយ ចំនួន ៣៧នាក់ និងសាស្រ្ដាចារ្យបណ្ដុះបណ្ដាលចំនួន១នាក់ វាគ្មិនកិត្ដិយស ចំនួន៤នាក់ ដែលមានបទពិសោធន៍ច្រើនឆ្នាំលេីវិស័យសារព័ត៌មាន។
ថ្លែងក្នុងចំណាប់អារម្មណ៍ប្រកាសបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនប័ត្រ ឯកឧត្ដម ផុស សុវណ្ណ បានលេីកឡេីងថាអ្នកសារព័ត៌មានគប្បីត្រូវមានវិជ្ជាជីវៈសារព័ត៌មានជាចម្បង ដេីម្បីឆ្លើយតបទៅនិងស្ថានភាពទូទៅ វិជ្ជាជីវៈ និងក្រមសីលធម៌ មិនអាចខ្វះបានឡេីយ។ ឯកឧត្ដម បានបន្ថែមទៀតថា សារព័ត៌មានគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ជួយកិច្ចការសង្គម និងអាចផ្សព្វផ្សាយលេីកកម្ពស់បានស្ទើរគ្រប់វិស័យ។
ឯកឧត្ដម បានលេីកសរសើរពីស្មារតី ខិតខំប្រឹងប្រែង របស់សិក្ខាកាម ដែលចំណាយពេលវេលាមកចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលអស់រយៈ ៣ សប្ដាហ៍ ដែលរៀបចំឡើងដោយ សមគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន កាលពីឆ្នាំ ២០១១ - ២០១២ កន្លងទៅ ជាសារជំរុញឲ្យ អង្គភាព សមាគម រៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ពាក់ព័ន្ធនឹងសារព័ត៌មានអោយបានច្រើន។
មុននឹងបិទបញ្ចប់កម្មវិធី ឯកឧត្ដម បានចែកនិងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនទៅសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ និងថតរូបអនុស្សាវរីយជាមួយសិក្ខាកាមទាំងអស់ប្រកបដោយភាពស្និទ្ធស្នាល។