ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងជាតិកម្ពុជា ផ្នែកសសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន បើកកិច្ចប្រជុំរយៈពេលបីថ្ងៃ ពិភាក្សាលើការងារ នៃសសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន គឺមានសសរស្ដម្ភសំខាន់ចំនួន ៣ ក្នុងនោះរួមមាន សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច និងសសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន។ សម្រាប់សសរស្ដម្ភ សង្គម-វប្បធម៌អាស៊ាន គឺក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងជាតិកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ។
យោងតាមឯកឧត្តម ឌី ខាំបូលី ជាឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ាន សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាននេះ គឺកម្ពុជា បានសម្រេចកំណត់យកចំណុចអាទិភាពចំនួន ៤។
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំលើពិភាក្សាលើសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ចំនួន បីថ្ងៃ ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី ៣០ ខែមីនា។
ថ្ងៃចាប់ផ្ដើមដំបូងជាកិច្ចប្រជុំនៃក្រុមការងារអាស៊ានសម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពីវប្បធម៌នៃការបង្ការសម្រាប់សង្គមមួយប្រកបដោយសន្តិភាព បរិយាបន្ន ភាពជាសះស្បើយ សុខភាព និងសុខដុមនីយកម្ម រីឯកិច្ចប្រជុំទី២ ជាកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣២ និងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី៣០ខែមីនា ជាកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៧ ដែលដឹកនាំដោយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងនាមជាប្រធានប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ឯកឧត្តម ហង់ ជួនណារ៉ុន នឹងជម្រាបជូនអង្គប្រជុំ ពីសមិទ្ធផលសំខាន់ៗ អាទិភាព ឯកសារលទ្ធផល និងព្រឹត្តិការណ៍អម ដែលនឹងត្រូវសម្រេចបានក្នុងឆ្នាំ ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”៕