(តែលអាវីវ)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទនេះថា លោកនាយករដ្ឋមន្រ្តី ណាហ្វតាលី បេននេត (Naftali Bennett) បានធ្វើតេស្តវិជ្ជមានចំពោះកូរីដ១៩ ប៉ុន្តែមិនមានអាការៈអ្វីធ្ងន់ធ្ងរនោះទេ ហើយលោកបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងបន្តបំពេញការងារពីគេហដ្ឋាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។
ដំណឹងនេះបានត្រូវបានផ្សព្វផ្សាយប៉ុន្មានម៉ោងក្រោយពី លោក បេននេត ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន២ដូសពេញលេញ រួមទាំងដូសជំរុញទៀតនោះ បានទៅត្រួតពិនិត្យទីតាំងបាញ់ប្រហារ នៅក្នុងទីក្រុងហាដឺរ៉ា (Hadera) ជាកន្លែងដែលខ្មាន់កាំភ្លើងជនជាតិអារ៉ាប់២នាក់ បានផ្តាច់ជីវិតមន្រ្តីប៉ូលិសអ៉ីស្រាអែល២នាក់ មុនពេលត្រូវបានអាជ្ញាធរអ៉ីស្រាអែលសម្លាប់។
សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ លោក បេននេត នឹងធ្វើការវាយតម្លៃ ជុំវិញហេតុការណ៍វាយប្រហារកាលពីយប់មិញ ដោយមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីសន្តិសុខផ្ទៃក្នុង, អគ្គសេនាធិការយោធា និងអគ្គស្នងការនគរបាលជាតិ។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែលរូបនេះ បានប្រឹងប្រែងជំរុញជាខ្លាំង ចំពោះការចាក់វ៉ាក់សាំង និងពាក់ម៉ាស់នៅក្នុងប្រទេស ហើយចៀសវាងការដាក់ចេញវិធានការបិទខ្ទប់ ខណៈអ៉ីស្រាអែលប្រយុទ្ធតទល់ជាមួយកូវីដ១៩។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក បេននេត ក៏ទើបតែបានជួបជាមួយលោក អាន់តូនី ប្លីនខេន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅក្នុងទីក្រុងហ្សេរុយសាឡិម ផងដែរ៕