អារ៉ាប៊ីសាអូឌីត៖ ក្រុមឧទ្ទាមហួធីប្រទេសយេម៉ែន បានវាយប្រហារឃ្លាំងស្តុកប្រេងមួយកន្លែងកាលពីថ្ងៃសុក្រក្នុងទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត មុនពេលការប្រណាំងរថយន្ត Formula One នៅក្នុងប្រទេសនេះ។
លោក Yehia Sarie អ្នកនាំពាក្យរបស់ក្រុមហួធីប្រទេសយេម៉ែននិយាយថា ក្រុមឧទ្ទាមបានកំណត់គោលដៅលើទីតាំងក្រុមហ៊ុនប្រេង Aramco ក្នុងទីក្រុង Jiddah ក៏ដូចជាទីតាំងសំខាន់ៗនៅក្នុងរដ្ឋធានីរីយ៉ាតរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រ ដោយបានបាញ់មីស៊ីលផ្លោង និងយន្តហោះដ្រូនទម្លាក់គ្រាប់បែកឆ្ពោះទៅរកទីតាំងក្រុមហ៊ុនប្រេង Aramco ប្រទេសអារ៉ាប៊ីសាអូឌីត និងទីតាំងសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេស។
ការវាយប្រហារបានផ្តោតគោលដៅលើឃ្លាំងផ្ទុកប្រេងឥន្ធនៈដូចគ្នា ដែលក្រុមហ៊ូធីបានវាយប្រហារកាលពីប៉ុន្មានថ្ងៃថ្មីៗនេះលើរោងចក្រ North Jiddah Bulk Plant ស្ថិតនៅភាគអាគ្នេយ៍អាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង និងជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់អ្នកធ្វើធម្មយាត្រាមូស្លីមធ្វើដំណើរទៅកាន់ទីក្រុង Mecca។ ការវាយប្រហារនេះបានកើតឡើង នៅពេលដែលប្រទេសអារ៉ាប៊ីសាអូឌីតនៅតែដឹកនាំក្រុមចម្រុះ ប្រយុទ្ធជាមួយក្រុមហួធីគាំទ្រដោយអ៊ីរ៉ង់ដែលបានដណ្ដើមយករដ្ឋធានីសាណារបស់ប្រទេសយេម៉ែន កាលពីខែកញ្ញា ឆ្នាំ២០១៤៕