(ប៉េកាំង)៖ ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់អគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) ថាបាន «ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ» ដោយការអះអាងថាចិនបានគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ចំពេលសហរដ្ឋអាមេរិកព្រមានចិនកុំឱ្យលូកដៃជួយ ម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។
អគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) កាលពីថ្ងៃពុធកន្លងទៅនេះ បាននិយាយថាចិនថាបានផ្តល់ការគាំទ្រ ផ្នែកនយោបាយដល់រុស្ស៊ី ហើយបំភ្លៃការពិត ហើយលោកក៏បានព្រមានទីក្រុងប៉េកាំងផងដែរ មិនឲ្យផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បានច្រានចោលការចោទប្រកាន់បែបនេះដោយលើកឡើងថា «អង្គការ NATO ខ្លួនឯងទៅវិញទេ ដែលជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត»។
លោក វ៉ាង បានបន្ថែមយ៉ាងដូចច្នេះថា «ជំហររបស់ចិនគឺស្របទៅនឹងបំណងប្រាថ្នារបស់ប្រទេសភាគច្រើន ហើយការចោទប្រកាន់ ឬសង្ស័យណាមួយដែល មិនសមហេតុនឹងត្រូវបរាជ័យ។ យើងតែងតែចាត់ទុកថា អ៊ុយក្រែនគួរតែជាស្ពានតភ្ជាប់លោកខាងលិច និងខាងកើត ជាជាងស្ថិតនៅចំណុចកណ្តាលនៃការប្រកួតប្រជែងរវាងមហាអំណាច»។
គួរបញ្ជាក់ថា កន្លងទៅប្រទេសចិន បានបដិសេធក្នុងការថ្កោលទោសរុស្ស៊ី ដែលជាដៃគូដ៏ជិតសិ្នទ្ធរបស់ខ្លួន ជុំវិញសង្រ្គាមនៅអ៊ុយក្រែន តែបានផ្តល់ជំនួយ មនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន ដែលរងគ្រោះពីសង្គ្រាម៕