(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។
ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «នៅឆ្នាំ២០២៣ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្រ្តី នៃការបោះឆ្នោតជាបន្តទៀត ព្រោះនេះជាកិច្ចការដែលយើងត្រូវបន្ត ហើយរឿងផ្លាស់ប្តូរនៅពេលណាចាំបោះឆ្នោតរួចចាំនិយាយគ្នា ត្រូវបន្តព្រោះយើងមិនអាចធ្វេសប្រហែសជាមួយនឹងការកិច្ចការទាក់ទងននឹងការរក្សាសន្តិភាពបានទេ បាត់អាហ្នឹងគ្រឹបគឺថារលាយតែម្តង រត់ចោលជើងគ្នា»។
នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សកាន់អំណាចនេះ បានជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត និងបានបោះឆ្នោតគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ថ្ងៃអនាគត។
សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីឆ្នាំ១៩៨៥ ក្នុងពេលដែលសម្តេចមានអាយុ៣២ឆ្នាំ បន្ទាប់ពីបានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីវ័យ២៧ឆ្នាំ។ ក្នុងពេលកាន់អំណាចរយៈពេល ជិត៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីការត្រៀមយុវជនបន្តវេនសម្រាប់ដឹកនាំប្រទេសផងដែរ។
សម្តេចតេជោ បានបញ្ជាក់ដែរថា៖ «និយាយអញ្ចឹងខ្ញុំមិនមែនចង់ថា ថ្ងៃក្រោយត្រូវតែសួរយោបល់ខ្ញុំទេ ថ្ងៃណាខ្ញុំសម្រាកគឺខ្ញុំសម្រាកហើយ ហើយខ្ញុំបានប្រកាសហើយ ខ្ញុំធ្វើរហូតដល់ខ្ញុំឈប់ចង់ធ្វើ អាហ្នឹងមានតែអញ្ចឹង ព្រោះអត់ទើសក្បាលអាណាទេ កុំឱ្យវាពិបាកពេក រៀបចំចេះតែរៀបចំហើយ ត្រៀមចេះតែត្រៀមហើយ»។
គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការផ្តួលរំលំរបបប៉ុលពត បានជាប់ឆ្នោតដឹកនាំប្រទេសតាំងពីអាណត្តិទី១មក។ រហូតដល់ពេលនេះ គណបក្សកាន់អំណាចបានគ្រប់គ្រងអាសនៈទាំងអស់នៅក្នុងរដ្ឋសភា៕