ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា គណបក្សប្រជាជនកម្ពុជា (CPP) បានរំដោះពលរដ្ឋពីសម័យ ប៉ុល ពត ហើយបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ មិនដូចការចោទរបស់ពួកប្រឆាំងថា គណបក្សកាន់អំណាចបច្ចុប្បន្ន មិនបានធ្វើអ្វីនោះទេ ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតលទ្ធផលការងារ ឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម មានប្រសាសន៍ថា អ្នកនយោបាយមួយចំនួនតែង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា អត់បានធ្វើអ្វីនោះទេ ចេះតែធ្វើនៅពេលរៀបចំបោះឆ្នោត ដោយទៅសំពះសូមសន្លឹកឆ្នោតពីប្រជាពលរដ្ឋ, តើនេះជាការពិត ឬមិនពិត គឺទុកឲ្យពលរដ្ឋជាអ្នកវាយតម្លៃ ។
សម្ដេចបន្តថា ប៉ុន្តែក្នុងឋានៈគណបក្សប្រជាជនកម្ពុជា ជាប្រតិបត្តិករ ជាអ្នកដឹកនាំផ្ទាល់បានដឹងច្បាស់ថា ចាប់ពីការទទួលបាននូវឯករាជ្យមក គឺមិនដែលមានពេលណាមានសុខសន្តិភាពដូចបច្ចុប្បន្ននោះទេ នេះជាចំណុចត្រូវកត់សម្គាល់ ដោយមានការបង្រួបបង្រួមផ្សះផ្សាជាតិ គ្មានពួកឧទ្ទាមកាន់អាវុធក្រៅច្បាប់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ដែលកំពុងកាន់អំណាចចេញពីការបោះឆ្នោត ។
សម្ដេច ស ខេង បានបន្ថែមថា នេះជាចំណុចពិសេស ដែលបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាមិនមែនមិនចេះធ្វើអ្វីនោះទេ ចេះធ្វើតាំងពីប្រទេសជាតិនៅមានសង្គ្រាម ការបែបបាក់ខ្ទេចខ្ទាំចង់ធ្លាក់ដល់បាតដាល តែទីបំផុតបានស្រង់កេរ្តិ៍ឈ្មោះប្រទេសជាតិ តាមរយៈការបញ្ចប់សង្គ្រាម នយោបាយឈ្នះឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដួចផ្ដើមគំនិត ហើយធ្វើឲ្យប្រទេសជាតិ និងពលរដ្ឋមានសុខសន្តិភាពពេញលេញ រហូតមកដល់ពេលនេះ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា បើគ្មានសុខសន្តិភាពទេ ប្រហែលជាគណបក្សនយោបាយ ឬអ្នកនយោបាយ មិនមានឱកាសដើម្បីនឹងនិយាយ ដើម្បីនឹងថា ដើម្បីធ្វើសកម្មភាពបាននោះដែរ ហើយកត្តាសុខសន្តិភាពនេះ គឺគណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ៕