(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនហុងគ្រី នៅវិមានសន្ដិភាព។ វ៉ាក់សាំងដែលជាការផ្ដល់ជូនរបស់ប្រទេសហុងគ្រី នៅពេលនេះ គឺប្រភេទ AstraZeneca ចំនួន៥២៣,០០០។
ក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ហុងគ្រី គឺជាប្រទេសទី៦ ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជន និងរាជដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ដែលសម្ដេចបានមកទទួលដោយផ្ទាល់។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហុងគ្រី ចំពោះការផ្ដល់អំណោយនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលហុងគ្រី ដែលបានផ្តល់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៥២៣,០០០ដូស ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ហុងគ្រី គឺជាប្រទេសទី ៦ ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជន និងរាដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ដែលខ្ញុំបានមកទទួលដោយផ្ទាល់»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ទៀតថា អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើសកលលោកទាំងមូល ដែលកម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងក្របខណ្ឌសកលលោក, កម្ពុជា ក៏បានចូលរួមជំរុញផងដែរ នូវយុទ្ធនាការចាក់វ៉ាក់សាំង និងសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកនូវវ៉ាក់សាំងកូវីដ-១៩ ដែលពិតជាមានសារសំខាន់ និងប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។ កម្ពុជាជឿជាក់ថា ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព សម្រាប់យើងទាំងអស់គ្នា ហើយវ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្ត្រគន្លឹះ ក្នុងការទប់ទល់នឹងការឆ្លងរាលដាល ក៏ដូចជាការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងការបើកកិច្ចដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២, កម្ពុជា គឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧ ភាគរយនៃប្រជាជនសរុបប្រមាណ១៦លាននាក់។ ការណ៍នេះ បានអនុញ្ញាតឲ្យកម្ពុជាបើកប្រទេសឡើងវិញ និងរក្សាកិច្ចដំណើរការ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នៅបន្តមានក៏ដោយ៕