ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា រោងចក្រសម្រាប់វេចខ្ចប់ និងច្រកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលផលិតនៅកម្ពុជា អាចនឹងដំណើរការនៅចុងឆ្នាំនេះ ឬអាចចេញជាលទ្ធផលពេលញលេញនៅដើមឆ្នាំ២០២៣ ដែលរោងចក្រផលិតវ៉ាក់សាំងនេះ បាននឹងកំពុងដំណើរការ ទៅក្រោមកិច្ចសហការគ្នាជាមួយភាគីចិន។
ក្នុងពេលទទួលវ៉ាក់សាំង AstraZeneca ចំនួនជាង៥២ម៉ឺនដូស ជាជំនួយរបស់ប្រទេសហុងគ្រី កាលពីយប់មិញ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា បន្ទាប់ពីមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាជាមួយភាគីចិន ជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅប្រទេសកម្ពុជា ដោយរំពឹងថា អាចនឹងសម្រេចបាននាពេលខាងមុខឆាប់ៗនេះ។
លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា នៅសល់វ៉ាក់ សាំងចំនួនជាង ៦លានដូសទៀត ដើម្បីត្រៀមចាក់ជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពស៊ាំក្នុងសហគមន៍កាន់តែច្រើន ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩។
មកដល់ពេលនេះ ប្រទេសកម្ពុជា រកបានវ៉ាក់សាំងជាង ៤០លានដូសហើយ រាប់ទាំងជំនួយពីប្រទេសជាមិត្ត និងបញ្ជាទិញដោយរាជរដ្ឋាភិបាល ហើយការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក៏សម្រេចបានជិត ១០០ភាគរយ តែបើទោះជាងបែបនេះក្ដី រាជរដ្ឋាភិបាល នៅតែបន្តស្វះស្វែងរកវ៉ាក់សំាងមកទុកត្រៀមចាក់ ជូនដល់ពលរដ្ឋខ្លួនជានិច្ច រហូតមានការសហការជាមួយប្រទេសជាមិត្ត ដើម្បីផលិតវ៉ាក់សាំងនេះក្នុងប្រទេសផង៕